ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ២ ២និង១០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានរាយការណ៍មកថា នៅចំណុចមុខសណ្ឋាគារ «សមុទ្រខៀវ» ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានជនជាតិចិនចំនួន០២ក្រុម បានផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យមនុស្សចំនួន០៣នាក់ (ជនជាតិចិន ០២នាក់ និងខ្មែរ ០១នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ បន្ទាប់មក កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង០២និង០០នាទីយប់ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទប្រុស ជនជាតិចិន ព្រមទាំងដកហូតបានអាវុធខ្លីចំនួន ០១ដើម និងបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់ ។

អ្នករងរបួសមានចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ នឿន វ៉ាន់ដេត ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ០៤-មេសា-២០០៨ មុខរបរ សន្តិសុខសណ្ឋាគារ សមុទ្រខៀវ មានទីលំនៅ ក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (រងរបួស ប្រអប់ដៃខាងឆ្វេង និងពោះខាងឆ្វេង) ។

២-ឈ្មោះ JIANG KUNZHENG ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ១០-មេសា-១៩៧៦ មុខរបរ បើករោងចក្រលក់ទំនិញ ស្នាក់នៅ ផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួស ក្រោមដោះខាងស្តាំ និងក្បាលផ្នែកខាងឆ្វេង) ។

៣-ឈ្មោះ QIN YANJUN ហៅ A NIU ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ០២-វិច្ឆិកា-១៩៧៨ មុខរបរ អ្នកដាំដើមឈើ ស្នាក់នៅផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួសជើងខាងឆ្វេង និងក្បាលផ្នែកខាងស្តាំ) ។

បច្ចុប្បន្ន អ្នករងរបួសទាំង០៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ។ ក្នុងហេតុការណ៍នោះ បណ្តាលឱ្យមានអ្នករងរបួសមានចំនួន០៣នាក់ (ខ្មែរ០១នាក់ និងជនជាតិចិន០២នាក់) និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ