សម្ដេចតេជោ ប្រាប់រដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ានថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីនោះ ក៏ប៉ះពាល់សេដ្ឋកិច្ចក្នុងតំបន់ និងកម្ពុជា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រាប់ប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី មិនប៉ះពាល់តែសេដ្ឋកិច្ចនៅអឺរ៉ុបប៉ុណ្ណោះទេ ក៏ប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងប្រទេសកម្ពុជាផងដែរ។
នាឱកាសអនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដឹកនាំដោយលោកស្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រុយណេ ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បើកប្រទេសឡើងវិញ និងបើកកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទឹកដីអង្គរខេត្តសៀមរាប នាពេលនេះ សបញ្ជាក់ឲ្យឃើញថា កូវីដ-១៩ មិនមែនជាបញ្ហាទៀតនោះទេ។
សម្ដេចតេជោ បានថ្លែងទៀតថា «អ្វីជាបញ្ហានៅពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច សង្គ្រាមនៅអ៊ុយក្រែយជាបញ្ហាមួយ ប៉ុន្តែភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ចជាបញ្ហាមួយទៀត ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដោយទណ្ឌកម្មទាំងអស់នោះ មិនប៉ះពាល់តែសេដ្ឋកិច្ចនៅអឺរ៉ុបប៉ុណ្ណោះទេ គឺប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាផងដែរ»។
សម្ដេចតេជោ បន្ដថា ទោះបីជាយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ បានរំលេចចេញនៅកាលានុវត្តភាពខាងសេដ្ឋកិច្ច ពីការកើនឡើងលើវិស័យពាណិជ្ជកម្មក្នុងតំបន់ ជាអាទិ៍ពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ពាណិជ្ជកម្មរវាងកម្ពុជានិងឡាវ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសក្នុងតំបន់មួយចំនួនទៀត មានការកើនឡើង។
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ឲ្យប្រតិភូទាំងមូលនូវអនុសាសន៍ឲ្យមានការពង្រីកបន្ថែមនៃការធ្វើពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌអាស្តា ដែលជាពាណិជ្ជកម្មបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត រួមទាំងក្នុងក្របខណ្ឌ អាស៊ឹម (ASEM) ផងដែរ៕EB