ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរអំពីការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ជាអ្នកទោស ដើម្បីទទួលបានអត្ថប្រយោជន៍ តាមប្រព័ន្ធគាំពារសង្គម។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ កក្កដា សម្ដេចធិបតី បានណែនាំក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជួបពិភាក្សាគ្នា ដើម្បីរៀបចំអត្ថប្រយោជន៍ផ្សេងដល់ស្ត្រីមានផ្ទៃពោះ ជាប់ឃុំនៅតាមពន្ធនាគារ ដើម្បីទទួលបានអត្ថប្រយោជន៍តាមប្រព័ន្ធគាំពារសង្គម។

សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំ សូមឲ្យឯកឧត្តម ហេង សួរ ហើយជាមួយខាង សង្គមកិច្ច គិតគូរផង រឿងស្ដ្រីមានផ្ទៃពោះនេះ យើងមានសម្រាប់កម្មករ-កម្មការិនី មន្ដ្រីរាជការ ឥឡូវគិតគូរផងពីពិរុទ្ធជន នៅក្នុងគុក។ ឃើញ លោកជំទាវ អ៊ឹង កន្ថាផាវី ថា អ្នកនៅក្នុងគុកខ្លះ មានទន្ងន់ ម្ដាយធ្វើខុស តែកូនអត់ខុសទេ ហើយកន្លងទៅ សម្ដេចតេជោ ក៏បានលើកគោលការណ៍បែបនេះ គិតគូរអំពីអត្ថប្រយោជន៍ផ្ដល់ការឧបត្ថម្ភស្ដ្រី ដែលជាប់ទោស ប៉ុន្ដែសម្រាប់អ្នកមានទន្ងន់ ហើយកើតកូននៅក្នុងនោះ យើងឧបត្ថម្ភដូចប្រជាពលរដ្ឋ ដូចមន្ដ្រីរាជការ»។

សូមរំលឹកថា នាឱកាស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២ កក្កដា លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជំនួយផ្នែកច្បាប់ដល់ស្ត្រី និងស្ថានភាពស្ត្រីនៅក្នុងមន្ទីរឃុំឃាំង។ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានយកចិត្តទុកដាក់ក្នុងការចុះជួបទណ្ឌិត និងពិរុទ្ធជនជាស្ត្រីដែលជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងខេត្តចំនួន៧ ស្វែងយល់ពីស្ថានភាព និងផ្ដល់សេវាជំនួយផ្សេងៗ ក្នុងនោះក្នុងចំនួនស្ត្រីដែលជាប់ឃុំទាំងនោះ លោកស្រី ក៏បានបញ្ជាក់ថាមានស្ត្រីមានផ្ទៃពោះចំនួន ២៧នាក់ និងស្ត្រីដែលមានកូនតាមម្ដាយចំនួន១១៥ នាក់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ