ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់មន្ដ្រីអង្គការសហប្រជាជាតិ (UN) ថា ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ដែលរងគ្រោះដោយសារ របបប្រល័យពូជសាសន៍ប៉ុលពត ក្នុងគោលដៅដើម្បីបង្ការកុំឱ្យ មានព្រឹត្តិការណ៍បែបនេះ កើតឡើងសារជាថ្មីម្ដងទៀត។

នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រម ស្វែងរកយុត្តិធម៌ ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះ របបប្រល័យពូជសាសន៍នោះ។

សម្ដេចតេជោ រំលឹកថា កន្លងមកលោក និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍ ។ សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន បានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។

សម្តេចតេជោ បានបញ្ជាក់ទៀតថា “ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត”។

ជាការឆ្លើយតប លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍អបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហមនេះ។ លោក មានការចងចាំច្បាស់ណាស់ថា សម្ដេចតេជោ បានដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម។ ដូច្នេះក្នុងន័យនេះ លោក បានគូសបញ្ជាក់ថា នេះជាការងារមួយដែល លោកបានចងចាំយ៉ាងច្បាស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ