នាយករដ្ឋមន្ដ្រីកម្ពុជា ៖ អាស៊ានត្រូវគិតគូបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ទៅនឹងនិន្នាការថ្មីៗ ក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូបន្ថែមទៀត គឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗ នៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល។
នាឱកាសអញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាមួយគ្នានេះដែរ អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ កន្លងទៅនេះ។
សម្ដេចតេជោ បន្ថែមថា ទាក់ទងនឹងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង អាសិប, ប្រទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារ សំដៅទាក់ទាញការចូលរួមពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀត ក្នុងកិច្ចព្រមព្រៀងនេះ ក្នុងន័យនេះ, កិច្ចព្រមព្រៀងអាសិប ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយ ដែលឯករាជ្យ និងម្ចាស់ការ ហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួល, ជំរុញ និង ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ។ សម្ដេច ថា កម្ពុជា នៅតែមានចំណាប់អារម្មណ៍ និងផ្ដល់គ្រប់ លទ្ធភាព និងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ។
សម្ដេចតេជោ បញ្ជាក់ថា «បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូបន្ថែមទៀត គឺ ការឆ្លើយតបឱ្យបាន ទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល។ ពិតណាស់ថា, បញ្ហាថ្មីៗ រួមមាន៖ វិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់បរិស្ថាន, បម្រែបម្រួលអាកាសធាតុ, ជំងឺឆ្លងរាតត្បាតជាដើម កំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុង គន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះ នឹងតម្រូវឱ្យបណ្តា ប្រទេសនៅក្នុងពិភពលោកប្រើប្រាស់ជាឧបករណ៍គាំពារនិយម, បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក, ឬខិតខំកសាងច្បាប់ និង កិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឱ្យតែប្រទេសខ្លួន ឬ ក្រុមប្រទេសមួយក្តាប់តូច ដែលជាបក្សពួកខ្លួននោះឡើយ»។
សម្ដេចតេជោ នាយរដ្ឋមន្ដ្រី បន្ដទៀតថា ក្នុងន័យនេះ អាស៊ានគួររួមគ្នាជាធ្លុងមួយ ដើម្បីសម្របសម្រួល និងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជាសកលសម្រាប់ពាណិជ្ជកម្មអន្ដរជាតិ ដែលបម្រើឱ្យ ផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង៕EB