ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវគណបក្សនយោបាយនានា កុំប្រើប្រាស់នូវអ្វីដែលជាការដោះស្រាយរបស់សម្ដេច ចំពោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរនោះ ជាអាវុធវាយប្រហារ សម្ដេច និងគណបក្សប្រជាជនកម្ពុជា ដើម្បីយកសន្លឹកឆ្នោតនៅពេលខាងមុខ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្ដាគណបក្សនយោបាយ កុំប្រើប្រាស់នូវអ្វីសម្ដេចដោះស្រាយ ដែលជាតម្រូវការរបស់ជាតិធ្វើជាអាវុធមកវាយប្រហារគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ បានថ្លែងថា «ហើយខ្ញុំសុំអំពាវនាវឲ្យបណ្ដាបក្សនយោបាយ កុំប្រើប្រាស់នូវអ្វីដែល ហ៊ុន សែន កំពុងដោះស្រាយដែលជាតម្រូវការរបស់ជាតិ ធ្វើជាអាវុធដើម្បីវាយ ហ៊ុន សែន យកសន្លឹកឆ្នោតនៅពេលខាងមុខ»។

សម្ដេចតេជោ បានលើកឡើងទៀតថា «ខ្ញុំយល់ដឹងពួកអ្នកឯង អ្នកឯងតែងតែធ្វើរឿងនេះនៅមុនការបោះ ឆ្នោតជានិច្ច ប៉ុន្តែអ្នកឯងត្រូវយល់នៅពេលដែលខ្ញុំ ប្រើប្រាស់ផ្លូវច្បាប់ដើម្បីចាត់ការអ្នកឯង អ្នកឯងកុំចាត់ទុកថា រឿងនេះ ជារឿងនយោបាយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ