ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ដោយសារសន្តិភាពរវាងប្រទេសជាសមាជិក អាស៊ាន ជាមូលដ្ឋានដ៏មានសារៈសំខាន់ជាសារវន្ត កម្ពុជា បានប្រឹងប្រែងជួយស្វែងរកដំណោះស្រាយ វិបត្តិមីយ៉ាន់ម៉ា ដោយផ្អែកលើអភិក្រមជាក់ស្ដែងនិយម តាមរយៈការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច របស់អាស៊ាន។

តាមរយៈសារលិខិត ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃទី២១ កញ្ញា នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព កម្ពុជាបាននិងកំពុងចូលរួមយ៉ាង សកម្មជាមួយគ្រប់ប្រទេសទាំងអស់នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗព្រមគ្នាដ៏ ច្រើនមិនធ្លាប់មានពីមុនមក។

សម្ដេចតេជោ បន្ដថា ក្នុងបរិបទនេះ កម្ពុជាបានកំណត់យកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ ព្រមទាំងបន្ត កសាងសហគមន៍អាស៊ាន លើកកម្ពស់មជ្ឈអាស៊ានក្នុងការកសាងនិម្មាបនកម្មតំបន់ និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយដៃគូនានា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង និងក្រៅតំបន់អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា «ដោយសារសន្តិភាព ការរួបរួមជាធ្លុងមួយ និងសុខដុមនីយកម្មរវាងប្រទេសជាសមាជិក អាស៊ានជាមូលដ្ឋានដ៏មានសារៈសំខាន់ជាសារវន្ត កម្ពុជាបានប្រឹងប្រែងជួយស្វែងរកដំណោះ ស្រាយវិបត្តិមីយ៉ាន់ម៉ាដោយផ្អែកលើអភិក្រមជាក់ស្ដែងនិយម តាមរយៈការអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច របស់អាស៊ាន ដើម្បីជួយឱ្យ មីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ ក៏ដូចជាអនុញ្ញាតឱ្យអាស៊ានវិលត្រឡប់ទៅរកការរួបរួមរវាងសមាជិកទាំង ១០ វិញ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ