បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា រហូតមកដល់នឹងពេលនេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើការបណ្តុះបណ្តាលសិស្ស.និស្សិតជាង២ម៉ឺននាក់ ក្លាយទៅជាធនធានមនុស្សប្រកបដោយគុណភាពរបស់ជាតិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនជាបន្តបន្ទាប់ ។

ការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន៦០៤នាក់ ស្រីចំនួន៣១០នាក់ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ធនធានមនុស្សដែលបានបណ្តុះបណ្តាលទៅលើសិស្ស និស្សិត ជាង២ម៉ឺននាក់នោះ គឺមាននៅក្នុងស្ថាប័នសាធារណៈ និងឯកជនប្រមាណជាង៩០% ក្នុងវិស័យសំខាន់ៗដូចជា វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវៈចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងសំណង់ស៊ីវិលជាដើម។

សម្តេច បានបង្ហាញឲ្យដឹងថា គុណភាព គឺជាកត្ដាអាទិភាពសំខាន់បំផុត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាប្ដេជ្ញាចិត្តធ្វើឱ្យបានក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព មានមនសិការ ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលអាចបំពេញការងារបាន ស្របតាមតម្រូវការនៃស្ថាប័ននិយោជក ទាំងវិស័យសាធារណៈ និងវិស័យឯកជន ។

សម្តេចក្រឡាហោម ក៏បានណែនាំដល់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួនស្របតាមផែនការសកម្មភាពដែលបានកំណត់ ដើម្បីធ្វើកំណែទម្រង់និងជំរុញការអភិវឌ្ឍសាកលវិទ្យាល័យ ព្រមទាំងបន្តណែនាំតម្រង់ទិសដល់សាកលវិទ្យាល័យជាតិបាត់ដំបងលើការងារដឹកនាំគ្រប់គ្រង ការងារបច្ចេកទេសនិងការងារធានាគុណភាពអប់រំឱ្យស្របតាមស្ដង់ដាជាតិ អន្តរជាតិនិងត្រូវបន្តចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អ ដើម្បីសម្របខ្លួននៅក្នុងសង្គមពុទ្ធិ ព្រមទាំងបន្តអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀនតាមរយៈការបង្កើនកម្រិតគុណវុឌ្ឍិ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ