សម្រេចហើយស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាស៊ីហ្គេម២០២៣កម្ពុជាធ្វើម្ចាស់ផ្ទះ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម កម្ពុជា(CAMSOC) បានសម្រេចអនុម័តនូវស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា សម្រាប់ប្រើប្រាស់ផ្លូវការក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដនៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី០២ខែកក្កដានេះ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការអូឡាំពិកកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំបានសម្រេចជាសំខាន់ទៅលើស្លាកសញ្ញា (Logo) និមិត្តសញ្ញា (Mascot) និងបាវចនា (Motto) ដោយគ្រាន់តែមានការកែសម្រួលបន្ដិចបន្ទួចជាពាក្យពេចន៍លើបាវចនា។ ចំណែកនិមិត្តសញ្ញា និងបាវចនាគឺឯកភាពទាំងស្រុងគ្រាន់តែត្រូវពន្លិចនូវអក្សរបន្ថែម បន្ដិចទៀតប៉ុណ្ណោះ។
លោកបន្ថែមថា បន្ទាប់ពីសម្រេចជាគោលការណ៍លើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម កម្ពុជា នឹងកែសម្រួល និងរៀបចំរបាយការណ៍ សម្រាប់ស្នើសុំការសម្រេចពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីឲ្យសម្រេចប្រើប្រាស់ជាផ្លូវការ សម្រាប់ដំណើរការផ្សព្វផ្សាយពីស៊ីហ្គេម ដែលកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣៕SP