ភ្នំពេញ ៖ពលរដ្ឋកម្ពុជា ចំនួន ៨នាក់ បាត់បង់ជីវិត និងរបួស ៧នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាង រថយន្ដដឹកអ្នកដំណើរ និងរថយន្ដកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។
យោងតាមសាររំលែកទុក្ខរបស់ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាថ្ងៃទី១០ មេសា នេះ ថា «មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាង រថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតីន័រ នៅខេត្តឈុនបុរី ប្រទេសថៃ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតពលករកម្ពុជា ចំនួន ៨នាក់ និងអ្នករបួស ចំនួន ៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ»។
ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏សម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបាន ចំពោះមរណ ភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយ ក្រុមគ្រួសារ សាច់ញាតិនៃសព៕