ភ្នំពេញ ៖ ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប បានបង្ហាញបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការវិនិយោគសាងសង់កន្រ្តកខ្សែកាប (Cable Car) ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈនៅប្រទេសកម្ពុជា ពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងជំនួបពិភាក្សាការងាររវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ នាថ្ងៃទី២៣ វិច្ឆិកា នៅទីស្ដីក្រសួង តំណាងក្រុមហ៊ុនDoppelmayr Group បានបញ្ជាក់ថា «បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន លើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)»។

ទន្ទឹមជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការប្រចាំការ បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងគិតគូរ និង  ស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

លោករដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ របស់ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូបនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះបានកាន់តែច្រើនឡើង។

សូមរំលឹកថា  ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹក ជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូន អ្នកដំណើរ ប្រកដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ