ភ្នំពេញ ៖ លោក អ៊ីវ វាសនា សមាជិកក្រុមប្រឹក្សាភិបាល ទទួលបន្ទុកជាអគ្គលេខាធិការសមាគម និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារបច្ចេកទេសដឹកជញ្ជូនតាមផ្លូវគោក បានសំណូមពរដល់សមាជិកទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វែងយល់អំពីច្បាប់ និងឯកសារគតិយុត្តពាក់ព័ន្ធនានា ដើម្បីធានាបាននូវការផ្តល់សេវាកម្មជូនអតិថិជនបានល្អ ត្រឹមត្រូវ ជៀសផុសពីហានិភ័យផ្សេងៗដោយមិនដឹងខ្លួន។

ការសំណូមពររបស់ លោក អ៊ីវ វាសនា ធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សាជាមួយសមាជិក (Member Talk) ក្រោមប្រធានបទ «ស្វែងយល់ពីច្បាប់ និងការដឹកជញ្ជូនទំនិញតាមផ្លូវគោក» រៀងចំដោយ សមាគមភស្តុភារកម្មកម្ពុជា (CLA) នៅសណ្ឋាគារ ERA ភ្នំពេញ នាពេលថ្មីៗនេះ។

កម្មវិធីជំនួបពិភាក្សាជាមួយសមាជិក (Member Talk) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែល សមាគម CLA រៀបចំឡើង ដើម្បីផ្តល់ឱកាសជូនដល់សមាជិកគ្រប់រូប បានលើកឡើងអំពីបញ្ហាប្រឈម សំណូមពរនានាតាមវិស័យ ដើម្បីធ្វើការពិភាក្សាគ្នារកដំណោះស្រាយ ឬស្នើសុំការជួយដោះស្រាយពីសមាគម និងភាគីពាក់ព័ន្ធ។ 

 

ជំនួបពិភាក្សាជាមួយសមាជិកនេះ ត្រូវបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ស៊ិន ចន្ធី ប្រធានសមាគម CLA ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាល ទីប្រឹក្សាជាន់ខ្ពស់ លោកអគ្គលេខាធិការ លោកប្រធានក្រុមការងារបច្ចេកទេសដឹកជញ្ជូនតាមផ្លូវគោក និងសមាជិកសមាគមជាច្រើនរូប ផងដែរ។ 

ឧកញ៉ាស៊ិន ចន្ធី ប្រធានសមាគម បានលើកឡើងថា នេះជាលើកទីមួយក្នុងឆ្នាំ២០២២នេះ ដែលសមាគមមានឱកាសរៀបចំនូវកម្មវិធីជួបជុំគ្នាដោយផ្ទាល់ឡើងវិញបាន ដែលផ្តល់ភាពងាយស្រួលក្នុងការជជែកពិភាក្សាបានល្អប្រសើរជាងជំនួបតាមរយៈ Online។ 

លោក កែប កុម្ភៈ សមាជិកក្រុមប្រឹក្សាភិបាលសមាគម ទទួលបន្ទុកជាប្រធានក្រុមការងារបច្ចេកទេសដឹកជញ្ជូនតាមផ្លូវគោក បានសំណូមពរដល់សមាជិកទាំងអស់ ចែករំលែកនូវបទពិសោធ និងធាតុចូលល្អៗសំដៅចូលរួមដោះស្រាយជម្រុញការអភិវឌ្ឍវិស័យដឹកជញ្ជូនទំនិញតាមផ្លូវគោកឲ្យកាន់តែប្រសើរឡើងថែមទៀត។ 

សូមបញ្ជាក់ថា នាឱកាសនោះដែរ សមាគមភស្តុភារកម្មកម្ពុជា (CLA) ក៏បានរៀបចំនូវកម្មវិធីស្វាគមន៍ ចែកជូនវិញ្ញាបនបត្រសមាជិកភាពជូនដល់សមាជិកថ្មី ដែលទើបបានចូលរួមជាមួយសមាគម ក្នុងខែមករា ឆ្នាំ២០២២ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ