កម្ពុជា នឹងចាប់ផ្ដើមចម្រាញ់រ៉ែមាសនៅទីតាំងថ្មីមួយកន្លែងទៀត ក្នុងស្រុកសណ្តាន់ នៅចុងឆ្នាំ២០២៣
ភ្នំពេញ ៖ កម្ពុជា នឹងចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាស ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅចុងឆ្នាំ២០២៣ខាងមុខនេះ ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគរ៉ែមាស ជូនដល់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា គម្រោងវិនិយោគអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននេះ មានទីតាំងវិនិយោគ ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣០០កន្លែង។
លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «ប្រសិនបើមិនមាន អ្វីប្រែប្រួលនោះទេ ក្រុមហ៊ុននេះទំនងជាអាចចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅអំឡុងចុងឆ្នាំ២០២៣ខាងមុខនេះ»។
លោក អ៉ឹង ឌីប៉ូឡា បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (EIA) រួចរាល់ជាស្ថាពរ ក្រសួងរ៉ែ និងថាមពល បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុននេះ អាចធ្វើអាជីវកម្មរ៉ែនៅខេត្តកំពង់ធំជាផ្លូវការ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែរៀបចំខ្សែច្រវ៉ាក់របស់ខ្លួន។
លោកអគ្គនាយ កបានគូសបញ្ជាក់ថា ទំហំនៃការធ្វើអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD គឺមានលក្ខណៈខ្នាតក្រោមមធ្យម៕