សម្តេចតេជោ ហ៊ុន សែន ធានាមិនឲ្យបាត់បង់ព្រៃឈើនៅតំបន់ភ្នំតាម៉ៅ ខណៈក្រុមហ៊ុនឈូសឆាយភ្នំតាម៉ៅ នឹងទទួលខុសត្រូវនាពេលមុខ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ក្រុមហ៊ុនឈូសឆាយភ្នំតាម៉ៅ នឹងទទួលខុសត្រូវ នាពេលខាងមុខ ខណៈសម្ដេច ក៏ធានាអះអាងមិនឲ្យបាត់បង់ព្រៃឈើនៅតំបន់ភ្នំតាម៉ៅ ហើយប្រែក្លាយទៅជាឧទ្យានជាតិព្រៃឈើ។
នាឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ ត្រូវរកប្រភពទឹក នៅតំបន់ភ្នំតាម៉ៅ ដើម្បីស្រោចកូនឈើនៅទីនោះ។
សម្ដេចតេជោ បញ្ជាក់ថា «ចឹងមិនមែនគ្រាន់តែដាំហើយ បង្ហោះហ្វេសប៊ុកលេងណា ចឹងដាំឲ្យត្រូវខ្នាតរបស់វារួចហើយ ត្រូវតាមមើលការថែទាំទៀត ដែលក្រុមហ៊ុនឈួសឆាយហ្នឹងត្រូវទទួលខុសត្រូវ នាពេលខាងមុខ។ សម្រាប់ការផ្ដល់ឲ្យរដ្ឋបាលព្រៃឈើថែទាំនៅពេលខាងមុខ ព្រោះដាំឥឡូវនឹង មានភ្ញៀងកំពុងតែធ្លាក់ល្អ។
សម្ដេចតេជោ ក៏បានបញ្ជាដល់ភាគីពាក់ព័ន្ធប្រែក្លាយតំបន់ភ្នំតាម៉ៅ ទៅជាឧទ្យាព្រៃឈើ សួនព្រៃឈើ សួនដាំដើមឈើ ដែលមុននេះគ្រាន់តែជាព្រៃរបស់ តែមិនមែនជាឈើទទួលផល។ សម្ដេច ថា ប៉ុន្ដែនាពេលខាងមុខតំបន់ភ្នំតាម៉ៅ នឹងក្លាយទៅជាឈើដែលមានតម្លៃ ខណៈសួនសត្វភ្នំតាម៉ៅ ក៏មិនមានអីប៉ះពាល់នោះទេ។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា «យើងសម្រេចចិត្តថា ទុកព្រៃហ្នឹងទាំងមូល និងដើម្បីធានាអះអាងជាមួយនឹងការមិនបាត់បង់នៅពេលក្រោយ ត្រូវដាក់តំបន់ទាំងមូលនេះ ទាំងសួនសត្វភ្នំតាម៉ៅ ទាំងព្រៃពន្ធ័ជុំវិញដែលដកហួតពីឯកជន ឲ្យទៅជាតំបន់អភិរក្ស គ្រប់គ្រងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ មិនមែនគ្រប់គ្រងដោយក្រសួងបរិស្ថានទេ ព្រោះមានការចញ្ចឹមសត្វនៅកន្លែងហ្នឹង»។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសលុបចោលលិខិតអនុញ្ញាតឲ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយ ក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ៕