សម្តេចតេជោ ៖ នយោបាយ គ្មានស្តង់ដារពិតប្រាកដ តែកីឡាមានស្តង់ដារសកលពិតប្រាកដ គឺមានច្បាប់កីឡាតែមួយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នយោបាយ គ្មានស្តង់ដារពិតប្រាកដនោះទេ ប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាការប្រកួតកីឡាតែមួយ និងមានគោលដៅតែមួយ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា កម្ពុជាបានរង់ចាំរយៈពេល ៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ សម្ដេចថ កម្ពុជា បានខកខានចាប់យកឱកាសនេះជាច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួនប្រកបដោយសមត្ថភាពពេញលេញ និងកៀរគរធនធានចាំបាច់គ្រប់គ្រាន់សម្រាប់រៀបចំការប្រកួតកីឡា ថ្នាក់តំបន់ដ៏ធំនេះឱ្យបានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និង ភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា «នយោបាយគ្មានស្តង់ដារពិតប្រាកដនោះទេ ប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាការប្រកួតកីឡាតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយល្អប្រសើរ និង ការរួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាព និងស្ថិរភាពសង្គម»៕EB