សម្បត្តិវប្បធម៌ខ្មែរ ២៧រូប ដែលរឹបអូសដោយអាជ្ញាធរអាមេរិក បានបញ្ជូនមកដល់មាតុភូមិកម្ពុជាវិញហើយ
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាមេរិក។ នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃ ជយន្តោ ប្រោះព្រំ សុំសិរីសួសួស្តី ផងដែរ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថា «សម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលរឹបអូសបានដោយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហាថាន ក្រុងញូវយ៉ក និងការិយាល័យស៉ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា និងយោងលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មានហាថាន ក្រុងញូវយ៉ក»។
សេចក្តីជូនព័ត៌មាន បន្តថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងសម័យអង្គរ ដូចជា ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរឹទ្ធ, រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ វត្ថុទាំង២៧រូបនេះ ត្រូវបានបញ្ចូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
លោកស្រី ភឿង សកុណា បានបញ្ជាក់ថា «សម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យអរិយធម៌ដ៏រុងរឿងនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយ នាសម័យសង្គ្រាម និងអសន្តិសុខកន្លងមក។ ដោយសារគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសក្នុងការសហការស្វែងរក និងនាំយកកេរមរតកខ្មែរ ដែលបានបាត់បង់ទាំងនោះត្រឡប់មកមាតុភូមិកំណើតវិញ»៕EB