ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើសហភាពអឺរ៉ុប (EU) ពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រោះថា ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស្ស៊ីនោះទេ ប៉ុន្តែវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទូទាំងពិភពលោក។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះក្រោយពី សហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្ម «ទ្រង់ទ្រាយធំ» លើរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឲ្យយោធារុស្ស៊ីវាយប្រហារលើប្រទេសអ៊ុយក្រែន។

នាឱកាសអនុញ្ញាតឲ្យលោក ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ស្នើឲ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មរុស្ស៊ី ព្រោះថា ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស៊ីទេ ប៉ុន្តែវាធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច សង្គមទាំងនៅអឺរ៉ុប និងទូទាំងពិភពលោកផង»។

ដោយឡែកករណី EBA សម្តេច នាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីអ្វីដែលបានលើកឡើងកន្លងមកនោះ គឺកម្ពុជា មិនយកអធិបតេយ្យភាពខ្លួនទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ។

នាឱកាសនោះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ចំពោះការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មក ដែលបានចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ជំនួយជាវ៉ាក់សាំង តាមរយៈយន្តការ កូវ៉ាក់ និងហិរញ្ញប្បទានកន្លងមក ដែលបានចូលរួមចំណែកដល់ភាពជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ។

ជាងការឆ្លើយតបលោក ចូសិប បូររែល បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជា និងបានពិភាក្សាជាមួយ សម្ដេចតេជោ អំពីបញ្ហាកិច្ចសហប្រតិបត្តិការការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា ករណីអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប និងបញ្ហារស្ស៊ី អ៊ុយក្រែន រួមទាំងករណីមីយ៉ាន់ម៉ាផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ