FBIបានព្រមានអំពីការហែក្បួនប្រដាប់អាវុធដែលអាចកើតមាន ដោយក្រុមអ្នកគាំទ្រលោកដូណាល់ ត្រាំនៅឯរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក។ រដ្ឋទាំង៥០របស់អាមេរិកនិងសង្កាត់កូឡុំបៀ(DC)ស្ថិតក្នុងការប្រុងជើងការ ចំពោះការធ្វើបាតុកម្មហិង្សាដែលអាចកើតមាននៅចុងសប្តាហ៍នេះ មុនពេលលោកប្រធានាធិបតីចូ បាយដិនស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០មករាឆ្នាំ២០២១។

រដ្ឋនានាបានពង្រឹងសន្តិសុខខ្ពស់ ការពារការផ្ទុះករណីហិង្សាណាមួយកើតឡើង ជាពិសេសទោះបីជាការតវ់ាដោយអហិង្សាក៏ដោយ ក៏មានការបារម្ភថាពួកជ្រុលនិយមអាចបន្លំខ្លួនប្រជ្រៀតចូលក្នុងការតវ់ាដែលគ្រោងទុក ដើម្បីធ្វើសកម្មភាពឧក្រិដ្ឋកម្ម។ 

បច្ចុប្បន្នសន្តិសុខត្រូវបានពង្រឹងយ៉ាងខ្លាំង ជាពិសេសនៅវិមានសភាជាតិ ជាកន្លែងរៀបចំពិធីធ្វើសច្ចាប្រណិធានរបស់ប្រធានាធិបតីថ្មីនៅថ្ងៃពុធសប្តាហ៍ក្រោយ។

 ម្យ៉ាងសភាជាតិជាកន្លែងដែលធ្លាប់ មានការតវ៉ាហិង្សាបណ្តាលឲ្យមនុស្សស្លាប់៥នាក់ កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២១ ដោយអ្នកគាំទ្រលោកត្រាំ ដែលមិនពេញចិត្តនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតី។ ផ្លូវជាច្រើន ដែលមានចម្ងាយប្រហែលមួយគីឡូម៉ែត្រ ពីវិមានសភាជាតិ ត្រូវបានបិទដោយរបាំងបេតុងនិងរបងដែក។ ចំណែកនៅឧទ្យាជាតិNational Mall ដែលជាធម្មតាត្រូវប្រមូលផ្តុំដោយមនុស្សម្នារាប់ពាន់នាក់ ដើម្បីអបអរពិធីស្បថកាន់តំណែងប្រធានាធិបតីថ្មី ត្រូវបានបិទតាមការស្នើសុំរបស់ទីភ្នាក់ងារសម្ងាត់។

អ្នកវិភាគវិញនិយាយថា រដ្ឋដែលប្រឈមនឹងហានិភ័យនៃការប្រទូសរ៉ាយខ្លាំង គឺបណ្តារដ្ឋដែលរងនូវការចោទប្រកាន់ថាមានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត។ នៅក្នុងចំណោមរដ្ឋទាំងនោះ គេសង្កេតឃើញ ដូចជារដ្ឋMichigan បានការពារជាមុនដោយពង្រាយរបងដែកកម្ពស់៦ហ្វីតនៅជុំវិញទីក្រុងLansing។


ទម្រង់នៃការកៀរគរកម្លាំងប្រមូលផ្តុំ មានការប្រកាសលើបណ្តាញអ៊ីនធឺណេត ដោយអ្នកគាំទ្រលោកត្រាំ បានអំពាវនាវឲ្យមានសកម្មភាពតវ៉ា តាមកាលបរិច្ឆេទមួយចំនួន។ នៅក្នុងនោះ មានការប្រកាសធ្វើបតុកម្មប្រដាប់អាវុធ នៅក្នុងទីក្រុងទូទាំងប្រទេសនៅថ្ងៃទី១៧ខែមករានិងការប្រមូលផ្តុំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃរៀបចំពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតផងដែរ។ 

យ៉ាងណាតាំងពីមុនមានការគំរាមកំហែងសន្តិសុខ ក៏មានការណែនាំរួចទៅហើយមិនឲ្យប្រជាជន ធ្វើដំណើរទៅកាន់រដ្ឋធានីរបស់វ៉ាស៊ីនតោន នៅថ្ងៃរៀបចំពិធីស្បថកាន់តំណែងប្រធានាធិបតីថ្មី ព្រោះបារម្ភពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩រាតត្បាត។

ចួនចំពេលមានការព្រួយបារម្ភពីការផ្ទុះការតវ៉ាដោយហិង្សាបែបនេះទៀត មន្ត្រីមូលដ្ឋានបាននិយាយថា ប្រជាជនគួរតែមើលពិធីស្បថកាន់តំណែងប្រធានាធិបតីពីចម្ងាយ ដើម្បីការពារការឆ្លងមេរោគផងនិងសុវត្ថិភាពផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ