ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពានបាល់ទាត់ពិភពលោក (FIFA World Cup) មកដល់កម្ពុជានាពេលនេះ ក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ ០០០លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា។

ក្នុងឱកាសទទួល និងលើកពានរង្វាន់បាល់ទាត់ពិភពលោក ដែលមកដល់កម្ពុជា ជាលើកដំបូង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាព ដូច ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើន ដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។ សម្ដេច ថា ជាការពិត ពាននេះ ក៏ជានិមិត្តរូបតំណាងឲ្យមនុស្សជាតិលើពិភពលោកទាំងមូល ព្រោះពានរង្វាន់នេះតំណាងឲ្យប្រជាជន និងមនុស្សជាតិរាប់ពាន់លាននាក់ ដែលចូលចិត្តស្រឡាញ់កីឡាបាល់ទាត់ និងស្រឡាញ់គោលការណ៍លេង ដោយយុត្តិធម៌ដែលគេតែងតែ ហ្វែរ ទង់ (Fair Play) ចូលទីលានបាល់ទាត់មុនរៀងរាល់ការប្រកួតចាប់ផ្តើម។

សម្ដេចតេជោ បន្ដថា បច្ចុប្បន្ន បាល់ទាត់គឺជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែលមានមនុស្ស ប្រុស-ស្រី ប្រមាណ ២៦៥លាននាក់ ជាអ្នកលេងកីឡានេះ និងមានប្រមាណ ៣,៥ ពាន់លាននាក់ ជាអ្នកគាំទ្រ។ សម្ដេច ថា កម្ពុជា មានកីឡាករ កីឡាការិនី ដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២ ០០០ នាក់ និងមានប្រមាណជាង ៣ ០០០ នាក់ ជាក្រុមបាល់ទាត់មហាជនលេងដើម្បីសប្បាយរីករាយ និងសុខភាព ។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាមានប្រមាណជាង ១០ ម៉ឺននាក់។

សម្ដេចតេជោ បញ្ជាក់ថា «ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ ០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹង ជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកស្នេហាវិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រ ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកទី ១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ