ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្វាគមន៍ការិយាល័យពាណិជ្ជកម្ម នៅស្ថានទូតតួកគី និងសង្ឃឹមថា ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់ រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃ កិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត ។

ការថ្លែងស្វាគមន៍របស់សម្ដេចតតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយ លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។

ក្នុងជំនួបនោះលោកស្រី Ulku Kocaefe បានប្ដេជ្ញាចិត្តនៅចំពោះមុខសម្ដេចតេជោថា បេសកកម្មរបស់លោកស្រី នៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើងវិញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ  លើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។

លោកស្រី Ulku Kocaefe បានបន្តថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយ កិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយ ដូចនេះ លោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។

ជាការឆ្លើយតប សម្ដេចតេជោ ក៏បានយល់ស្របជាមួយលោកជំទាវដែលថាប្រទេសយើងទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ហើយសង្ឃឹមថា «ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត» ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ