ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា-វៀតណាម មានគម្រោងបើកច្រកទ្វារព្រំដែនអន្ដរជាតិនៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X 16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ ព្រោះប្រទេសទាំងពីរ កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។

នាឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X 16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រយៈពេល ៤៥ឆ្នាំកន្លងទៅផុតទៅ ជំនួយ និងកិច្ចការជាច្រើនបានវិវត្តន៍រវាង កម្ពុជា-វៀតណាម ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ព្រមទាំងធ្វើកិច្ចការជាច្រើន ដែលជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

សម្ដេចតេជោ បានបញ្ជាក់ថា «រចនាសម្ព័ន្ធតភ្ជាប់នៅតំបន់នេះ (តំបន់ X 16) ក៏ត្រូវបានធ្វើដឹកនាំដោយរដ្ឋាភិបាល កម្ពុជា-វៀតណាម ហើយជាមួយឯឧត្តម Pham Minh Chinh មានគម្រោងថា ថ្ងៃក្រោយ នឹងពេលវេលាសមស្រប យើងអាចបើកច្រកនេះ ទៅជាច្រកអន្ដរជាតិមួយ»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពេញនីតីវិធី ដើម្បីឈានសម្រេចទៅបើកច្រកព្រំដែន ឲ្យទៅជាច្រកពំ្រដែនអន្ដរជាតិ។

សម្ដេចតេជោ បន្ដថា ប្រសិនបើ កម្ពុជា-វៀតណាម បើកច្រកពំ្រដែនអន្ដរជាតិនៅតំបន់ X 16 បានសម្រេចនោះ នឹងធ្វើឲ្យប្រទេសទាំងពីមានទំនាក់ទំនងកាន់តែជិតស្និតជាមួយច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ