ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន ចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើជាម្ចាស់ផ្ទៃ ការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ២០៣៨។

ក្នុងឱកាសទទួល និងលើកពានរង្វាន់បាល់ទាត់ពិភពលោក ដែលមកដល់កម្ពុជា ជាលើកដំបូង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់ឆ្នាំ២០២២ នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬ ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឲ្យបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និងជំរុញគំនិតផ្តួចផ្តើមនេះឲ្យក្លាយជាការពិត»។

សម្ដេចតេជោ បន្ដថា ជាក់ស្តែង ទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ២០០២ គឺ កូរ៉េ-ជប៉ុន និងឆ្នាំ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា ។

សម្ដេចតេជោ បន្ថែមថា ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្ល សម្រាប់ឆ្នាំ ២០៣៤ ឬឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែម គុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ ជាមួយភាព សុខដុមរមនារវាងបណ្តាប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាត របស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទ្ធិពលនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ