ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្តេច មិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ ឬឆ្កួតនោះទេ ទាក់ទងនឹងអបិយជំនឿ។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប៉ុន្តែទោះជាយ៉ាងណា លោក ខឹម វាសនា គ្រាន់បើជាងជនអគតិមួយក្តាប់តូច ដែលអំពាវនាវឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឲ្យប្រទេសផ្តាច់ជំនួយមកខ្មែរ។
លើសពីនេះ សម្តេចតេជោ ក៏ប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្តុំនៅចំការរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន រួមមាន ៖ ទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុនៅកន្លែង ប្រមូលផ្តុំដោយគ្មានច្បាប់ទម្លាប់ទាំងនោះ និងទី២-ហាមទៅចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាល កំពុងផ្តល់ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ។
ជាងនេះទៅទៀត សម្ដេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាល មិនចូលអន្ទាក់របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឡើយ ដោយអ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺចង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កងកម្លាំងដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនរូបលោកភ្លាម។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងសារសូមទោស ទៅដល់រដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃដែលមានពលករខ្មែររត់មកស្រុកចោលការងារ ដោយសារការចាញ់បោក មេបក្សមួយគឺលោក ខឹម វាសនា ថាមានលិចលង់ នៅទូទាំងពិភពលោក លើកលែងតែនៅលើភ្នំគូលែន៕