ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ នេះ បានចេញបញ្ជាឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យ និងចាត់វិធានការណាមួយ ជុំវិញកម្មវិធីប្រកួត Miss Grand Cambodia។

ថ្លែងចេញពីកម្មវិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត សម្តេចតេជោ បានប្រាប់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ថា ត្រូវពិនិត្យមើលការប្រកួតនេះ ម៉េចទៅបេក្ខនារីទៅស្រែក និងការស្លៀកពាក់ផងដែរ។

យ៉ាងណាមិញ សម្តេចតេជោ បញ្ជាក់ច្បាស់ៗថា សម្រាប់បេក្ខនារីដែលបានចូលរួមប្រកួតគឺអត់មានកំហុសអ្វីនោះទេ ពាក់ព័ន្ធការស្លៀកពាក់ និងកាយវិការស្រែកខ្លាំងអីនោះ ព្រោះបេក្ខនារី គ្រាន់តែស្លៀកពាក់តាមអ្វីដែលអ្នករៀបចំកម្មវិធីបានរៀបចំតែប៉ុណ្ណោះ។ សម្តេចក៏បានលើកចំៗថា តួយ៉ាងឈុតដែលបេក្ខនារីមកពីខេត្តស្ទឹងត្រែង បានស្លៀក ក៏មានប្រតិកម្មពីរដ្ឋបាលខេត្តស្ទឹងត្រែងផងដែរ ដូច្នេះក្រសួងវប្បធម៌គួរពិនិត្យ និងគួរតែមានធ្វើការលើរឿងនេះភ្លាមៗ។

សូមបញ្ជាក់ថា រឿងឈុតសម្លៀកបំពាក់របស់កម្មវិធី Miss Grand Cambodia រងការរិះគន់ច្រើនជាងសរសើរពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសគឺឈុតរ៉ូបស្រមោលស ដែលបងប្អូនខ្លះបានលើកឡើងថា ឆែកខ្លាំងសឹងលេចកេរ្តិ៍ម៉ែចែកឱ្យ និងខ្លះទៀតក៏រិះគន់ធ្ងន់ៗជាងនេះក៏មានផងដែរ។ ក្នុងនោះ ក៏មានឈុតរបស់ស្រីស្រស់ម្នាក់ដែលសិចស៊ីខ្លាំងពេក រហូតរដ្ឋបាលខេត្តស្ទឹងត្រែង បដិសេធការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia ថា ឈុតដែលតំណាងនេះ មិនបានឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណី នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ