ក្រសួមហាផ្ទៃកម្ពុជា ខកចិត្តចំពោះការចាត់ចំណាត់ថ្នាក់កម្ពុជាលេខ៣ ក្នុងការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឆ្លើយតបទៅនឹងការដាក់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោកស្រី ជូ ប៊ុនអេង បានលើកឡើងឆ្លើយតបដូចនេះនៅក្នុងផេកហ្វេសបុកផ្លូវការរបស់លោកស្រី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីមានការចេញរបាយការណ៍ចំណាត់ថ្នាក់កម្ពុជា ពីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ។
លោកស្រី បានចាត់ទុកការដាក់ចំណាត់ថ្នាក់នេះ ជារឿងដែលខកចិត្ត ដែលជាការវាយតម្លៃវាខុសពីការរំពឹងទុក ព្រោះទាំងរដ្ឋាភិបាល ដៃគូ ជាតិ អន្តរជាតិ បានដឹងច្បាស់អំពីកិច្ចខំប្រឹងប្រែងរួមគ្នាក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទទួលលទ្ធផលជាច្រើន ក្នុងឆ្នាំកន្លងទៅ។ ក្នុងនាមជាដៃគូសហការ ដែលបានប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស លោកស្រីតែងសង្ឃឹមថា មានដៃគូល្អ ជាមួយប្រទេសដែលមានឆន្ទៈក្នុងការលុបបំបាត់អំពើជួញដូរមនុស្សពីក្នុងពិភពលោក។
ដូច្នេះចំណាត់ថ្នាក់នេះ ជាការទទួលខុសត្រូវរួម មិនអាចប្រកែកបាន។ ការដាក់ចំណាត់ថ្នាក់លេខ៣ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ស្មើនឹងកម្ពុជាមិនបានធ្វើអីសោះ តែជារឿងមិនពិត ហើយនាំដល់ការដាក់ទណ្ឌកម្មថែមទៀត គឺជារឿងអយុត្តិធម៌ មិនអាចទទួលយកបាន។
ចំពោះបញ្ហានេះ លោកស្រី ជូ ប៊ុនអេង បានអំពាវនាវ និងលើកទឹកចិត្តឲ្យក្រុមការងារគ្រប់ថ្នាក់ក្នុងគណៈកម្មាធិការជាតិបន្តប្តេជ្ញាចិត្ត ប្រឹងប្រែង ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរក្សានូវកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូស្មោះត្រង់ជានិច្ច។ ម្យ៉ាងវិញទៀត លោកស្រីក៏អំពាវនាវ គ.ខ.ប.ជ គ.រ.ប.ជ បង្ហាញពីប្រតិកម្មរបស់ខ្លួនដែលបានប្រឹងប្រែងថា តើសក្តិសមទេ ដែលកម្ពុជា ត្រូវបានចាត់ចូលចំណាត់ថ្នាក់ទី៣ និងបញ្ជីខ្មៅ ហើយប្រឈមនឹងការដាក់ទណ្ឌកម្ម ក្នុងពេលដែលទាំងអស់គ្នាប្រឹងប្រែងមិនឈប់ឈរបែបនេះ៕