ប៉ៃលិន ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់សំណើមួយចំនួនទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករដាំពោតក្រហម និងមៀនប៉ៃលិន។

សំណើរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងពេលរូបលោក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវនូវលំហូរកសិផលពោតក្រហម និងសិក្សាពីលទ្ធភាពនៃការធ្វើពិពិធកម្មទីផ្សារសម្រាប់ខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ពោតក្រហម និងមៀនប៉ៃលិន នៅតាមបណ្តាលខេត្តជាប់ព្រំដែនថៃ រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។

ជាមួយគ្នានោះតំណាងកសិករ ក៏បានជម្រាបលោករដ្ឋមន្ត្រីពាណិជ្ជកម្ម អំពីបញ្ហាមួយចំនួន ដែលកំពុងជួបប្រទះ។ បញ្ហាទាំងនោះមានដូចជា ការទិញធាតុចូលកសិកម្មថ្លៃ បច្ចេកទេស និងស្តង់ដាសម្រាប់ផលិតផលពោត និងមៀនប៉ៃលិន។ ជាពិសេសកសិករនៅមិនទាន់បានយល់ដឹងពីអត្ថប្រយោជន៍នៃការចុះបញ្ជីចម្ការសម្រាប់ផលិតផលពោតក្រហម ការចុះបញ្ជីការអនុវត្តកសិកម្មល្អ (GAP) សម្រាប់ផលិតផលមៀនប៉ៃលិន ការស្នើសុំភូតគាមអនាម័យ (SPS) ជាដើម។

ក្រុមផលិតករតំណាងសៃឡូ ក៏បានលើកជាសំណូមពរមួយចំនួនជូនលោករដ្ឋមន្ត្រី ដើម្បីផ្តល់អនុសាសន៍ណែនាំ និងផ្ដល់ដំណោះស្រាយផងដែរ។ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើង លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ក្នុងការសិក្សា និងដោះស្រាយបញ្ហាប្រឈមជូនសមាគម សហគមន៍ និងសៃឡូ តាមរយៈការសហការជាមួយគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយដ៏ល្អប្រសើមួយប្រកបដោយប្រសិទ្ធភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ