កូរ៉េខាងជើង៖ករណីគ្រុនក្តៅក្នុងខេត្តជិតព្រំប្រទល់ជាមួយចិនគឺជា ជំងឺផ្តាសាយប៉ុណ្ណោះ
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបញ្ជាក់ហើយថា ករណីនៃជំងឺគ្រុនក្តៅដែលមិនទាន់ស្គាល់ច្បាស់ ដែលត្រូវបានរាយការណ៍នៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន គឺជាអ្នកជំងឺដែលមានផ្ទុកជំងឺផ្តាសាយប៉ុណ្ណោះ។ជាក់ស្តែង កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសនេះនិយាយថា ខ្លួនបានបិទតំបន់នោះ និងបានចល័តក្រុមគ្រូពេទ្យបន្ទាប់ពីមានករណីគ្រុនក្តៅចំនួន៤ករណីត្រូវបានរាយការណ៍ពីខេត្តRyanggang ប៉ុន្តែវាមិនមែនជាជំងឺកូវីដ ១៩ នោះទេ ដូចទៅនឹងអ្វីដែលប្រទេសនេះបានប្រកាសពីជ័យជម្នះរបស់ខ្លួនក្នុងខែនេះ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍កាលពីថ្ងៃសុក្រថា "អ្នកជំងឺគ្រុនក្តៅទាំងអស់នៅក្នុងខេត្ត Ryanggang គឺជាអ្នកជំងឺដែលមានជំងឺគ្រុនផ្តាសាយ" ដោយបញ្ជាក់ថា អ្នកជំនាញបានធ្វើការត្រួតពិនិត្យរោគសញ្ញា ស៊ើបអង្កេតទៅលើទំនាក់ទំនងនៃរោគរាតត្បាត និងការធ្វើតេស្តអាស៊ីត nucleic រួចរាល់និងធ្វើការបញ្ជាក់។
ប៉ុន្តែយ៉ាងណាម៉ិញ កូរ៉េខាងជើងមិនដែលបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ដែលបានឆ្លងជំងឺកូវីដ ១៩ ដោយទំនងជាខ្វះមធ្យោបាយក្នុងការធ្វើតេស្ដអោយបានទូលំទូលាយ។ ផ្ទុយទៅវិញ គេបានរាយការណ៍ពីចំនួនប្រចាំថ្ងៃនៃអ្នកជំងឺគ្រុនក្តៅ ដែលសរុបមានប្រហែល៤,៧៧លាននាក់ ហើយបាននិយាយថា មិនមានករណីបែបនេះថ្មីទៀតទេចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដា មក។
គួររំលឹកថា NK News ដែលជាគេហទំព័រឯកទេសនៅប្រទេសកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះផងដែរថា ប្រទេសនេះប្រហែលជាកំពុងរៀបចំដើម្បីបើកព្រំដែនឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះជាច្រើនមកបញ្ជាក់៕ NR