វ៉ាស៊ីងតោន៖ លោកប្រធានាធិបតីអាមេរិក Jo Biden និយាយថា លោក «គ្មានទំនុកចិត្ត» លើរបាយការណ៍ អំពីចំនួនជនស៊ីវិលស្លាប់ នៅតំបន់ Gaza ដែលផ្តល់ដោយក្រសួងសុខាភិបាល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ២៦ តុលា ២០២៣។

លោកប្រធានាធិបតីអាមេរិក Joe Biden និយាយអំពីការគ្មានទំនុកចិត្តលើតួលេខនេះ អំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅសេតវិមាន ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី។ ជាការមិនជឿជាក់ ខណៈដែលគេដឹងថា ក្រសួងសុខាភិបាលហ្គាហ្សា ត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស់។

ក្រុមហាម៉ាស់បាននិយាយថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលបានស្លាប់ដោយសារតែការទម្លាក់គ្រាប់បែកសងសឹកពីអ៊ីស្រាអែល បានកើនដល់ ជាង៦៥០០នាក់ គិតត្រឹមថ្ងៃទី២៥ ខែតុលា ដោយអ្នកស្លាប់ទាំងនោះ ភាគច្រើន គឺជាជនស៊ីវិល និងកុមារ។

គិតមកដល់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា សង្គ្រាមនេះបានឈានចូលដល់ថ្ងៃទី២០ហើយ ពោលគឺបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីដើមខែតុលា ទៅលើទឹកដីអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៤០០នាក់ ដែលភាគច្រើនគឺជាជនស៊ីវិល នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។

ក្នុងអំឡុងសន្និសីទសារព័ត៌មានលើកនោះ លោក Biden ក៏បាននិយាយដែរថា លោកមិនបានទាមទារឱ្យអ៊ីស្រាអែល ពន្យារពេលការលុកលុយ លើទឹកដី Gaza ដើម្បីព្យាយាមធានាការដោះលែងចំណាប់ខ្មាំង ពីក្រុមហាម៉ាស់ ប៉ាឡេស្ទីន ទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ