ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានបបួលអ្នកចោទថា គណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ហ៊ានស្បថ ឲ្យរន្ទះបាញ់តៃហោងទេ។

ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សូមអ្នកចោទប្រកាន់ថា បក្សប្រជាជន លួចសន្លឹកឆ្នោត សូមចេញមកជួយប្រាប់ និងបង្រៀនពីរបៀបលួច តើគេលួចយ៉ាងម៉េច ?

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ពលរដ្ឋដែលបានទៅបោះឆ្នោត ប្រកបដោយភាពស្ងាត់ស្ងៀម មិនមានបញ្ហាអ្វីកើតឡើង បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា ។

សម្តេចតេជោ ក៏បានថ្លែងអរគុណទៅដល់បណ្តាគ្រប់ភាគីទាំងអស់ ដែលបានចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រកបដោយភាពជៅគជ័យ។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់បណ្តាបក្សនយោបាយ និងសភាពការបោះឆ្នោតនៅកម្ពុជាបានប្រកបដោយលទ្ធិប្រជាធិបតេយ្យ ដែលនេះជាការបង្ហាញអំពីភាពចាស់ទ៉ំផ្នែកនយោបាយនៅកម្ពុជា។ សម្តេចតេជោ ក៏បានអរគុណដល់ពលរដ្ឋដែលបានបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា។

សូមរំលឹកថា កម្ពុជាបានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃ៉ំ សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី ៥ មិថុនា ឆ្នាំ២០២២ រីឯលទ្ធផលផ្លូវការនឹងប្រកាសនៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២២ខាងមុខ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ