ភ្នំពេញ ៖ នៅចំពោះមុខ រដ្ឋមន្រ្តីការបរទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ពីបំណង ចង់ឃើញទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន កើនឡើងដល់ ១៥ពាន់លានដុល្លារ ខណៈឆ្នាំ២០២១ បានឡើងដល់ជាង ១១ពាន់លានដុល្លារ។

ថ្លែងនៅក្នុងជំនួបជាមួយ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបាននឹងបន្តរៀបចំ ហើយធ្វើយ៉ាងណា ឱ្យទំនាក់ទំនងទ្វេភាគីនេះ មិនមានការប្រែប្រួល ដោយយើងមានអ្នកបន្តវេន ជាពិសេសនៅក្នុងការងារ ទៅមុខទៀតនេះ ។

សម្ដេច ក៏បានគូសបញ្ជាក់ផងដែរ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ របស់យើងដែលនឹងបន្ត នូវគ្រប់វិស័យទាំងអស់ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗទៀត ដែលយើងមាននាពេលបច្ចុប្បន្ននេះ។

សម្ដេច ក៏បានគូសបញ្ជាក់ថា កម្ពុជាពិតជាបានទទួលនូវ អត្ថប្រយោជន៍ជាច្រើន ជាពិសេសការទទួលបានការវិនិយោគ ពីប្រទេសចិន ក៏ដូចជាការគាំទ្រពីជំនួយ របស់ប្រទេសចិន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។

សម្ដេចក៏ បានគូសបញ្ជាក់ផងដែរថា «អ្វីដែលកម្ពុជា ចង់ឃើញថ្វីដ្បិត មកដល់ពេលឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ជាង ១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមកដល់រយៈពេល ៧ខែនេះ ទំហំពាណិជ្ជកម្ម របស់យើង ឡើងដល់ជាង ៩ពាន់លានដុល្លារ ទៅហើយ ហើយអ្វីដែលជាគោលដៅថ្មី របស់ទំហំពាណិជ្ជកម្ម របស់កម្ពុជាជាមួយនឹងចិន សម្ដេចបានស្នើឱ្យឡើងទៅដល់១៥ពាន់លានដុល្លារ រវាងកម្ពុជា និងចិន» ។

ជារួមកិច្ចពិភាក្សារវាង សម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី គឺមានភាពស៊ីជម្រៅ ក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទៀត គឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ