ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា នៅថ្ងៃចន្ទនេះ មានករណីបំផ្ទុះគ្រាប់បែកកើតឡើង នៅក្នុ​ងព្រះវិហារមួយកន្លែង ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៩នាក់ និងបង្កឱ្យរបួសរាប់សិបនាក់ផ្សេ​ងទៀត នៅឯទី​ក្រុងភាគពាយព្យប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើងនៅទីក្រុងPeshawar) ចំពេលដែលមនុស្សម្នាជាច្រើន ប្រមូ​លផ្តុំគ្នា​សម្រាប់ការថ្វាយបង្គំពេលថ្ងៃត្រង់ ក្នុងព្រះវិហារអ៉ីស្លាម។ បើតាមប៉ូលិសប៉ាគីស្ថាន វាទំនងជា​សកម្មភា​ពបំផ្ទុះគ្រាប់បែកអត្តឃាត ហើយអាចមានមនុស្សប្រហែល២៦០នាក់ ស្ថិតក្នុងទីនោះ នៅពេល​ការវាយប្រហារកើតឡើង។

 

 អ្នកនាំពាក្យមន្ទីរពេទ្យ Lady Reading Hospital នៃទីក្រុងផេសាវ៉ា បានប្រាប់ថា មន្ទីរពេទ្យទទួលបាន សាកសពយ៉ាងហោច១៩នាក់ និងអ្នករងរបួសជាង៩០នាក់ ហើយក្នុងចំណោមនោះជាច្រើននាក់ ស្ថិតក្នុងស្ថា​នភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ជាលទ្ធផលនៃការវាយប្រហារ ព្រះវិហារមួយផ្នែកធំបានដួលរលំ ហើយអាជ្ញាធរបានអះ​អាងថា មាន​ជនរងគ្រោះមួយចំនួនទៀត នៅកប់ក្រោមគំនរបាក់បែក។ ដោយឡែក កាលពីខែមីនា ឆ្នាំ២​០២២ ជនបំផ្ទុះគ្រាប់បែកអត្តឃាត​ម្នាក់របស់ក្រុមភេរវករ ​ISIS បានវាយប្រហារលើ ព្រះវិហារមួយកន្លែង ស្ថិតក្នុងទីក្រុងដូចគ្នា ដែលបានឆក់យកជីវិតមនុស្ស៦៤នាក់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ