ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ ដែលពិធីនេះរៀបចំប្រារព្ធធ្វើនៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានបែងចែកក្រុមពិភាក្សាជា ៦ក្រុម ដើម្បីពិភាក្សា អំពីសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ដើម្បីយកមកពិភាក្សាដោះស្រាយ ដែលក្រុមពិភាក្សានីមួយៗ បានរួមគ្នាផ្តល់យោបល់លើរបាយការណ៍ និងទិសដៅ ដើម្បីស្វែងរកចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម។


ការពិភាក្សាជាក្រុមនេះ គឺធ្វើឡើងតាមការបែងចែក និងណែនាំដោយ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។


ក្នុងនោះ ក្រុមពិភាក្សានីមួយៗ បានពិភាក្សាលើប្រធានបទដែលអង្គសន្និបាតបានកំណត់ជូនតាមក្រុមនីមួយ ជាមួយគ្នានេះដែរ សមាជិកម្នាក់ៗក្នុងក្រុមពិភាក្សា មានរយៈពេល ១០នាទី ដើម្បីចូលរួមពិភាក្សា និងបញ្ចេញមតិយោបល់លើប្រធានបទ ដែលក្រុមនីមួយៗ មានសមាសភាពប្រធាន អនុប្រធាន និងលេខាធិការ សម្រាប់ដឹកនាំសម្របសម្រួល និងចាត់ចែងលេខាធិការដើម្បីកត់ត្រា និងធ្វើរបាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាទាំងនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ