ពលរដ្ឋជាតិឥណ្ឌូណេស៊ីរាប់ពាន់នាក់ចូលរួមធ្វើបាតុកម្ម ក្រោយប្រេងឥន្ធនៈក្នុងប្រទេសឡើងថ្លៃខ្លាំង
ឥណ្ឌូណេស៊ី៖ នៅថ្ងៃអង្គារនេះ ពលរដ្ឋជាតិឥណ្ឌូណេស៊ីរាប់ពាន់នាក់ចូលរួមធ្វើបាតុកម្មដែលនឹងប្រព្រឹត្តិទៅនៅទូទាំងប្រទេសឥណ្ឌូណេស៊ី។ ក្រុមមន្ត្រីនគរបាល និងមេដឹកនាំសហជីពមួយចំនួន បានលើកឡើងថា បាតុកម្មនេះកើតឡើងមក ក៏ព្រោះតែពលរដ្ឋមានការខឹងសម្ប៉ាចំពោះរដ្ឋាភិបាលឥណ្ឌូណេស៊ីដែលសម្រេចតម្លើងតម្លៃប្រេងឥន្ធនៈ។
លោក Iqbal ប្រធានសហព័ន្ធសហជីពរបស់ឥណ្ឌូណេស៊ី បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍មួយថា នឹងមានបាតុកររហូតដល់ ៥,០០០ នាក់ ធ្វើបាតុកម្មនៅក្នុងទីក្រុងហ្សាការតា និងរាប់ពាន់នាក់ទៀត នឹងធ្វើបាតុកម្មនៅទីកន្លែងផ្សេងទៀត ដើម្បីទាមទារឱ្យរដ្ឋាភិបាលលុបចោលការសម្រេចចិត្តដែលបានប៉ះពាល់ និងបង្កការលំបាកដល់កម្មករ កសិករ ប្រជានេសាទ និងប្រជាជនក្រីក្រក្នុងទីក្រុង។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo កាលពីថ្ងៃសៅរ៍ បានប្រកាសសេចក្តីសម្រេចថា នឹងតម្លើងតម្លៃប្រេងឥន្ធនៈក្នុងចន្លោះ ៣០% បន្ទាប់ពីពិចារណាជាច្រើនសប្តាហ៍កន្លងមក។
អ្នកនាំពាក្យសមត្ថកិច្ចក្រុងហ្សាការតា លោក Endra Zulpan នៅថ្ងៃអង្គារនេះ បានលើកឡើងថា កម្លាំងសមត្ថកិច្ចជិត ៧,០០០ នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុង និងតំបន់ជុំវិញរដ្ឋធានី នៅមុនការតវ៉ាមកដល់។ ដោយឡែកអគ្គស្នងការនគរបាលជាតិរបស់ឥណ្ឌូណេស៊ីបានណែនាំដល់កម្លាំងសមត្ថកិច្ចក្នុងតំបន់ឱ្យជួយរក្សា និងសម្រួលភាពស្ងប់ស្ងាត់ ហើយខិតខំពន្យល់ដល់សាធារណជនឱ្យបានជ្រាបអំពីមូលហេតុចាំបាច់ដែលរដ្ឋសម្រេចដំឡើងតម្លៃប្រេងឥន្ធនៈ។
សូមបញ្ជាក់ថា បញ្ហានៃការតម្លើងតម្លៃខាងលើនេះ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ ក៏បានចេញមុខមកបញ្ជាក់កាលពីថ្ងៃចន្ទថា វិធានការនេះនឹងកាត់បន្ថយការចំណាយឧបត្ថម្ភធនប្រមាណជា ៤៨ ពាន់ពាន់លានរូពីជារូបិយប័ណ្ណឥណ្ឌូណេស៊ី (៣.២២ ពាន់លានដុល្លារអាម៉េរិក) នៅឆ្នាំនេះ រហូតដល់ ៦៥០ ពាន់ពាន់លានរូពី ប៉ុន្តែទោះជាយ៉ាងណា៏ដោយ ក៏អត្រាអតិផរណានៅតែមានការកើនឡើងដដែល៕SP