សម្ដេចតេជោ ៖ បើមិនទប់ស្កាត់អំពើជួញដូរមនុស្សនាពេលនេះទេ វាក៏ក្លាយជាគោលដៅសុវត្ថិភាព នៃឧក្រិដ្ឋជន រត់ពន្ធមនុស្សចូលមកកម្ពុជា ឬរត់ពន្ធមនុស្សពីកម្ពុជាទៅក្រៅប្រទេស
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើមិនទប់ស្កាត់អំពើជួញដូរមនុស្សនាពេលនេះទេ វាក៏ក្លាយជាគោលដៅសុវត្ថិភាព នៃឧក្រិដ្ឋជន រត់ពន្ធមនុស្សចូលមកកម្ពុជាវិញម្ដង ឬរត់ពន្ធមនុស្សពីកម្ពុជា ទៅក្រៅប្រទេស ដូច្នេះសមត្ថកិច្ចរួមគ្នាបន្ដប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះក្រោយមានការរត់ពន្ធមនុស្សចូលកម្ពុជា ឬរត់ពន្ធមនុស្សចេញពីកម្ពុជាទៅប្រទេសផ្សេងៗ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនការស្រាវជ្រាវ បង្ក្រាប ហើយអនុវត្តច្បាប់ដោយស្មើភាព និងម៉ឹងម៉ាត់ ដោយគ្មានការលើកលែងចំពោះទីតាំង និងបុគ្គល ពាក់ព័ន្ធនឹងអំពើជួញដូរ និងរត់ពន្ធមនុស្សគ្រប់ទម្រង់ នៅក្នុងប្រទេសកម្ពុជា។
នាឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា មិនល្អឥតខ្ចោះនោះទេ តែវាក៏មិនអាក្រក់ ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់ និងវាយតម្លៃនោះដែរ លើបញ្ហា ទាំងឡាយដែលកម្ពុជាមានឆន្ទៈ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្ស។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ វាយតម្លៃស្ថានភាពរួមលើកពិភពលោក ទាក់ទងទៅនឹងបញ្ហាការជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋដែលបានកើត ការធ្វើចំណាត់ស្រុក មិនមែនមានប្រទេសកម្ពុជាមួយទេ ដែលបាននិងកំពុងកើតឡើងបញ្ហាទាំងនេះ។ យើងក្រឡែកមើលសហរដ្ឋអាមេរិក និងតំបន់អាមេរិក រហូតដល់អតីតប្រធានាធិបតី ដូណា ត្រាំ ចង់ធ្វើរបបរវាង សហរដ្ឋអាមេរិក និងម៉ិចស៊ីសិក សំដៅដោះស្រាយអ្វី? គឺដោះស្រាយកុំឱ្យមានមនុស្សរត់ពីបណ្ដាប្រទេសអាមេរិកខាងជើង និងប្រទេសដ៏ទៃទៀតនៅតំបន់នោះទៅកាន់សហរដ្ឋអាមេរិក»។
សម្ដេចតេជោ បន្ដថា ការរត់ពន្ធមនុស្សពីប្រទេសមួយ ទៅប្រទេសមួយ វាក្លាយជារឿងអកុសលសម្រាប់ប្រជាជនក្រីក្រ ក៏ប៉ុន្ដែវាជាឱកាសនៃពួកទុចរិត ដែលធ្វើការងារនេះ សំដៅបម្រើផលប្រយោជន៍របស់ពួកគេ។
សម្ដេច បញ្ជាក់ថា « យើងរបស់នេះ បើប្រៀបធៀបពីបណ្ដាប្រទេសលើសកលលោក វាមិនទាន់ធំហួសទេ ប៉ុន្ដែបើមិនទប់ស្កាត់មានពេលនេះទេ វាក៏ក្លាយជាគោលដៅសុវត្ថិភាព នៃឧក្រិដ្ឋជន រត់ពន្ធមនុស្សចូលមកកម្ពុជាវិញម្ដង ឬរត់ពន្ធមនុស្សពីកម្ពុជា ទៅក្រៅប្រទេស ដូច្នេះបានជាយើងប្រញាប់ប្រញាល ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»៕