ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងករណីភ្លៀងនៅតែបន្ដធ្លាក់ថែមទៀតនោះ នឹងបណ្ដាលឲ្យជន់លិចផ្លូវជាតិលេខ៤ កាន់ខ្លាំង ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា នឹងអាចឈានទៅផ្អាកចរាចរជាបណ្ដោះអាសន្ន។
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ កក្កដា នេះថា បន្ទាប់ពីទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ បណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកកំពង់សីលា ព្រម ទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង។
«ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្ដាលឲ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំង នឹងអាចឈានទៅផ្អាកចរាចរជាបណ្តោះអាសន្នត្រង់ចំណុចខាងលើនាពេលខាងមុខនេះ។ បច្ចុប្បន្ននេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ តាមដានស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រដែលកំពុងលិចលង់ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត»៕EB