ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា សម្រាប់អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈម ផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ។
តាមរយៈសារលិខិត អបអរសាទរទិវាអាស៊ាន នាថ្ងៃទី៨ សីហានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល ៥៥ឆ្នាំមកនេះ អាស៊ាន បានផ្លាស់ប្តូរខ្លួន ពីអង្គការដែលមានក្របខ័ណ្ឌធូររលុង ទៅជាអង្គការដែលមានរចនាសម្ព័ន្ធរឹងមាំ និងផ្អែកលើវិធានច្បាប់ ។ អាស៊ាន បានធ្វើដំណើរឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពនយោបាយសាកលលោក និងក្នុងកម្រិតតំបន់ និងបានលេចត្រដែតឡើងជាគ្រួសារមួយដ៏ខ្លាំងក្លា និងវាងវៃ។
សម្ដេចបន្តថា ពិតណាស់ថា អាស៊ានមិនអាចធានាយ៉ាងដាច់ណាត់ថា ពុំមានទំនាស់ និងសង្រ្គាមនោះទេ ប៉ុន្តែយ៉ាងហោចណាស់អាស៊ានបានដើរតួនាទីជាអ្នកផ្តល់វេទិកាបើកចំហមួយ សម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់ប្រកបដោយភាពស្ថាបនា ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
សម្ដេចតេជោបន្ថែមថា ចាប់តាំងពីការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ និងក្នុងនាមជាសមាជិកដែលចូលក្រោយគេបង្អស់ កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្ម នៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន។ ឆ្នាំនេះ កម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទី៣។
សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជា គឺជាអ្នកចូលរួមចំណែកយ៉ាងបុរេសកម្មដល់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ យើងជឿជាក់យ៉ាងរឹងមាំថា ការការពារសន្តិសុខមនុស្សជាតិ គឺជាផ្នែកដ៏សំខាន់មួយនៃការថែរក្សាសន្តិភាព និងសន្តិសុខសកលលោក។
សម្ដេចតេជោ សង្កត់ធ្ងន់ថា «សម្រាប់អនាគតអាស៊ាន នឹងបន្តជួបប្រទះបញ្ហាប្រឈមផ្នែកសន្តិសុខធំៗជាច្រើន ហើយបញ្ហាដែលសំខាន់ជាងគេនោះ គឺស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។ បញ្ហាទាំងអស់នេះ អាចធ្វើបង្កអស្ថិរភាពដល់សន្តិភាព និងសន្តិសុខក្នុងតំបន់របស់យើង ប្រសិនបើយើងមិនបានគ្រប់គ្រងបញ្ហាទាំងនេះឱ្យបានល្អ»៕