កាប៊ុល៖ ប្រតិភូរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍ថា កាលពីថ្ងៃចន្ទ មានមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារទៅលើផ្សារដ៏មមាញឹកមួយក្នុងខេត្ត Nangarhar ភាគខាងកើត ទោះបីជាក្រុមមន្ត្រីតាលីបង់បាននិយាយថា ពួកគេអាចបញ្ជាក់ថា មានមនុស្សចំនួនត្រឹមតែ ១០នាក់ប៉ុណ្ណោះបានរងរបួសក៏ដោយ ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានReutersចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
ប្រតិភូសម្រាប់ជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថានបាននិយាយនៅលើបណ្តាញសង្គម Twitter ថា "(UNAMA)ធ្វើការថ្កោលទោសការវាយប្រហារនៅព្រឹកនេះ ទៅលើផ្សារដែលមានមនុស្សកុះករក្នុងខេត្ត Nangarhar ដែលបានបណ្តាលឲ្យជនស៊ីវិលជាច្រើននាក់បានស្លាប់ និងរងរបួស ដោយក្នុងចំណោមជនរងគ្រោះទាំងនោះ មានកុមារមួយចំនួនផងដែរ"។ "ហើយការបន្តវាយប្រហារសំដៅលើជនស៊ីវិលនៅទូទាំងប្រទេសអាហ្វហ្គានីស្ថានត្រូវតែបញ្ឈប់ជាបន្ទាន់"។
លោក Quriashi Badloun ដែលជាប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់រដ្ឋបាលតាលីបង់ ក្នុងខេត្ត Nangarhar បានបញ្ជាក់ថា មានការបំផ្ទុះបានកើតឡើង ប៉ុន្តែក៏បាននិយាយថា គោលដៅនៃការបំផ្ទុះនោះមិនច្បាស់លាស់នោះទេ៕SP