ភ្នំពេញ៖ សត្វរញីមានពីរប្រភេទគឺរញីប្រផេះ និងរញីភ្លើង។ សត្វរញីពីរប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់។ គ្រោះថ្នាក់ដោយសារតែវាកំពុងរងគ្រោះដោយសារតែការបរបាញ់ ទាក់ចាប់ និងការធ្វើអាជីវកម្ម។នេះបើយោងទៅលើការបញ្ជាក់ពីលោក នេត ភក្រ្តារដ្ឋលេខាធិការក្រសួងបរិស្ថាន។

នេត ភក្រ្តា បានឱ្យដឹងថាពលរដ្ឋមួយចំនួនមានជំនឿថារញីជាប្រភេទសត្វយកមកត្រាំស្រា ធ្វើជាថ្នាំកែរោគផ្សេងៗ ប៉ុន្តែតាមអ្នកជំនាញវេជ្ជសាស្ត្រ សត្វព្រៃដទៃទៀតពុំមានលក្ខណៈវេជ្ជសាស្រ្ត ឬវិទ្យាសាស្រ្តណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺពីសត្វនោះមកមនុស្សទៅវិញទេ។ អ្វីដែលគេបានអនុវត្តពីមុនមកនោះ គឺជាការជឿតៗគ្នា ដែលគ្មានលក្ខណៈវិទ្យាសាស្រ្តទាល់តែសោះ។

លោកនេត ភក្រ្តា បន្តថាតាមការស្រាវជ្រាវកន្លងមក មានក្រុមជនខិលខូចមួយចំនួនបានយកសត្វឆ្មាដែលមានរូបរាងដូចនឹងសត្វរញី មកក្លែងបន្លំធ្វើជាសត្វរញីឆ្អើរដាក់លក់នៅតាមទីតាំងឧសថបុរាណមួយចំនួន ឬដើរលក់តាមភូមិនានា។

រហូតមកទល់ពេលនេះ មិនមានទិន្នន័យណាមួយបញ្ជាក់ពីចំនួនសត្វរញីនៅលើពិភពលោកពិតប្រាកដឡើយ។ សម្រាប់ប្រទេសកម្ពុជា សត្វរញីប្រផេះជាប្រភេទសត្វកម្រនិងស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធ ១ នៃអនុសញ្ញាសាយតេស ដែលមានរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ សត្វរញីប្រផេះមាននិន្នាការធ្លាក់ចុះនៅលើពិភពលោករួមទាំងនៅកម្ពុជាផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ