ឆមាសទី១ ឆ្នាំ២០២២ មានភ្ញៀវអន្តរជាតិចូលមកកម្ពុជាជាង ៥០ម៉ឺននាក់ ខណៈការដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើងខ្ពស់
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់អំពីស្ថានភាពទេសចរអន្តរជាតិចូលមកកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២២ (មករា-មិថុនា) ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាជាងកន្លះលាននាក់ ឬជាង ៥០ម៉ឺននាក់ រីឯការដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោកក៏មានការកើនឡើងខ្ពស់ដែរ។
លោក បានឱ្យដឹងថា «ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួនសរុប៥០៦,៧៦២នាក់ កើនឡើង ៣៩៤.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៨៤.៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩»។
លោករដ្ឋមន្ត្រី បានបន្តថា ក្នុងមួយថ្ងៃមានទេសចរអន្តរជាតិចូលមកប្រមាណ៥,០០០ទៅ៥,៦០០នាក់។ ប្រភពទីផ្សារសំខាន់ៗនៃអ្នកទេសចរអន្តរជាតិដែលចូលមកកម្ពុជា មានមកពីប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្ដាលីជាដើម។
គួរកំណត់សម្គាល់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឲ្យអនុវត្ត Visa on Arrivals និងកាត់បន្ថយនូវលក្ខខណ្ឌតម្រូវលើផ្នែកសុខាភិបាល ភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងច្រើន បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ប៉ុន្តែក៏នៅទាបជាងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ យ៉ាងច្រើននៅឡើយ។ តាមការប៉ាន់ស្មានរបស់ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ៕EB
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ