កម្ពុជា នឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ឱ្យបានអតិបរមា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា នឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញ ឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួលបាន របស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា។
នាឱកាសអញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ «បង្កើនល្បឿនអន្តរកាលថាមពល ៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» តាមប្រព័ន្ធវិដេអូ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភពថាមពលកកើតឡើងវិញ ទៅក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន។
សម្ដេចតេជៅ បន្ដថា ជាក់ស្តែងក្នុងឆ្នាំ ២០២១ កន្លងមកនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមាន៖ វារីអគ្គិសនី ថាមពលដើរដោយ ពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា។ ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាពនៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាពន ប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥% នៃអានុភាពតម្លើងសរុប។
សម្ដេចតេជោ បញ្ជាក់ថា «សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម»។
សម្ដេចតេជោ បន្ថែមថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជាបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ ២០៤០ គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា៕EB