ក្រសួងមហាផ្ទៃ ប្រកាសផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេសអន្តោប្រវេសន្ត ដែលទទួលស្គាល់ដោយក្រសួង
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសអន្តោប្រវេសន្ត រស់នៅប្រទេសកម្ពុជា ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា «អនុវត្តតាមច្បាប់ ស្ដីពីអន្តោប្រវេសន៍ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយប្រកាសរបស់ក្រសួងមហាផ្ទ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ដូចជា៖ ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស»។
ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីណែនាំ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេស អន្តោប្រវេសន្ត ដែលក្នុងសេចក្ដីណែនាំនោះ ក៏មានជម្រាបជូនអំពីតម្លៃប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលក្រសួងបានចេញឱ្យជនបរទេសអន្តោប្រវេសន្តផងដែរ។ សេចក្ដីណែនាំនេះ ត្រូវបាន ផ្សព្វផ្សាយជាច្រើនលើក ប៉ុន្តែក្រសួងមហាផ្ទៃបានសង្កេតឃើញថា នៅមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ពុំទាន់បានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។
អាស្រ័យហេតុនេះ ក្រសួងមហាផ្ទៃ សូមធ្វើការជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន។ ក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា សេចក្តីជូនដំណឹងនេះនឹងទទួលបាននូវការជ្រួតជ្រាបជាផ្លូវការ៕