នាយករដ្ឋមន្ដ្រីកម្ពុជា ផ្ញើសាររំលែកទុក្ខ ជូននាយករដ្ឋមន្រ្តីថៃ ពាក់ព័ន្ធហេតុការណ៍បាញ់ប្រហារ នៅក្នុងប្រទេសថៃ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខជូន លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារ នៅក្នុងប្រទេសថៃ បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។
តាមរយៈសារលិខិត សម្ដេចតេជោ មានសេចក្ដីតក់ស្លុត និងក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលព័ត៌មាន អំពីការបាញ់រះសម្លាប់រង្គាល នៅមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសាន នៃប្រទេសថៃ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ ដែលបានឆក់យកជីវិតមនុស្សជាច្រើន ដែលភាគច្រើនជាកុមារ និងមាន អ្នករងរបួសមួយចំនួន។
ក្នុងកាលៈទេសៈដ៏សែនសោកសៅនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ជូនចំពោះឯកឧត្តម រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រថៃ ជាពិសេសក្រុមគ្រួសារនៃ សព និងជនរងគ្រោះ។
កម្ពុជាស្ថិតនៅជាមួយថៃ ក្នុងខណៈពេលដ៏សោកសង្រេង នៃឧប្បត្តិហេតុ សម្លាប់រង្គាលនេះ និងសូមបួងសួង ឱ្យអ្នកដែលទទួលរងរបួសឆាប់បានជាសះស្បើយ ។
សូមរំលឹកថា សោកនាដកម្មបំពានជីវិតកុមារតូចៗ នៅប្រទេសថៃលើកនេះ បានក្លាយទៅជាហេតុការណ៍ ដ៏អាក្រក់ជាប្រវត្តិសាស្រ្តរបស់ថៃ និងបានបន្សល់នូវភាពឈឺចាប់ សម្រាប់សង្គមថៃ យ៉ាងតក់ស្លុត! ព្រោះជនបង្ករហេតុជាខ្មាន់កាំភ្លើង ជាអតីតប៉ូលីសថៃម្នាក់ និង ជាបុគ្គលដែលធ្លាប់ទទួលការសិក្សារៀនសូត្រ ចេះដឹងម្នាក់ដែរ បានស្ថិតក្នុងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ប៉ុន្តែប៉ូលីសបាន វះសាកសពជនបង្ករហេតុឃើញថាខ្មាន់កាំភ្លើង គ្មានសារធាតុគ្រឿងញៀនទេ អាចមកពីគំហឹងមួយឆាវ របស់គេបានធ្វើឲ្យសង្គមថៃ ធ្លាក់ចូលក្នុងភាពវឹកវរយ៉ាងដូច្នេះ ៕