ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានថ្លែងឲ្យដឹងថា រយៈកាលកន្លងមកក្រសួងសុខាភិបាល បានធ្វើសារាចរណែនាំជាច្រើនលើក និងច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាតឱគ្លីនិកឯកជនយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករង របួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។

លោក បន្ដថា ប៉ុន្តែបច្ចុប្បន្ននេះ សង្កេតឃើញ មានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើ សកម្មភាពយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិកទៅដឹកអ្នកគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ រហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្ត គិលានសង្គ្រោះមួយចំនួនទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើ ចរាចរនៅតាមដងផ្លូវ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជនដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួង សុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល តាមការគួរ»៕

សូមរំលឹកថា ក្នុងលិខិតរបស់ក្រសួងលិខិតមួយទៀត ក៏បានព្រមាន ផាកពិន័យ និងណែនាំចំពោះ លោកវេជ្ជបណ្ឌិត ស៊ឹម វន់ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដង ផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនចាប់ពីថៃ្ងណែនាំនេះតទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ