ក្រុមបាតុករបង់ក្លាដែស ប្រកែកដាច់ខាត មិនទទួលយកនូវគម្រោងបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នដែលដឹកនាំដោយក្រុមយោធា
បង់ក្លាដេស ៖ បាតុករនៅបង់ក្លាដែសចេញមកប្រកែកដាច់ខាតថាខ្លួនមិនទទួលយកទេនូវគម្រោងបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នដែលដឹកនាំដោយក្រុមយោធា ឬមានពួកយោធានៅពីក្រោយខ្នង។ ការថ្លែងដូច្នេះបន្ទាប់ពីអគ្គបញ្ជាការកងទ័ពបង់ក្លាដែស ឧត្ដមសេនីយ៍ អ៊ូសហ្សាម៉ាន់ គ្រោងបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន និងត្រៀមរៀបចំការបោះឆ្នោតឡើងវិញ។
ពួកមេដឹកនាំចលនានិស្សិត លោកណាហ៊ីដ ឥស្លាម (Nahid Islam) បានប្រកាសតាមបណ្ដាញសង្គមថារដ្ឋាភិបាលបណ្ដោះអាសន្ន នៅបង់ក្លាដែសដែលមិនស្របទៅតាមអនុសាសន៍របស់យើងគឺយើងមិនទទួលយកជាដាច់ខាត។
ពួកមេដឹកនាំចលនានិស្សិត បានមានប្រសាសន៍ថា យើងនឹងមិនទទួលយកជាដាច់ខាតនូវរដ្ឋាភិបាលដែលគាំទ្រ ឬដឹកនាំដោយពួកយោធា។ លោកបានថ្លែងបន្ថែមទៀតថាយើងបានពិភាក្សាជាមួយលោកមហាមេត យូនូសរួចហើយ ហើយលោកបានយល់ព្រមទទួលយកការស្នើសុំឱ្យធ្វើជាទីប្រឹក្សារដ្ឋាភិបាល។
សូមជម្រាបថា ភាពចលាចលនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសបង់ក្លាដែស ត្រូវបានគេរំពឹងថានឹងរំខានដល់ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេស ដែលអាចមានផលប៉ះពាល់ដល់អ្នកលក់រាយសម្លៀកបំពាក់ទូទាំងពិភពលោក។ រោងចក្រកាត់ដេរនៅក្នុងប្រទេសនេះត្រូវបានបិទដោយមិនកំណត់ ខណៈបង់ក្លាដែសគឺជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីបីនៅលើពិភពលោកកាលពីឆ្នាំមុន បន្ទាប់ពីប្រទេសចិន និងសហភាពអឺរ៉ុប។ បើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មពិភពលោក ការរបស់រដ្ឋធានីដាកានាំចេញសម្លៀកបំពាក់មានតម្លៃ ៣៨,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៣៕