គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២០ នេះ ប្រព័ន្ធធារាសាស្ត្ររបស់ប្រទេសកម្ពុជាអាចធ្វើការស្រោចស្រព្វបានប្រមាណជា ៦២ ភាគរយនៃផ្ទៃដីកសិកម្មសរុបទំហំ ២.៩៥៧.៤០០ ហិកតានៅទូទាំងប្រទេស។ 

 នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ កាលពីពេលថ្មីៗនេះ ខណៈដែលលោកបានបន្ថែមឲ្យដឹងថា ការគ្របដណ្តប់នៃប្រព័ន្ធធារាសាស្ត្រលើផ្ទៃដីកសិកម្មនេះត្រូវបានរំពឹងថា នឹងមានការកើនឡើងបន្ថែមទៀតនៅពេលដែលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រធំៗចំនួន១២ ត្រូវបានបញ្ចប់នៅឆ្នាំ ២០២៣ខាងមុខ ។ 

 លោករដ្ឋមន្ត្រីបានបន្តថា កាលពីឆ្នាំ ២០១៩ កន្លងទៅ ប្រព័ន្ធធារាសាស្ត្របានគ្របដណ្តប់លើផ្ទៃដីកសិកម្មចំនួន ១.៨៣៥.៤២២ ហិកតានៅទូទាំងប្រទេសកម្ពុជា ក្នុងនោះមានដំណាំស្រូវចំនួន ៥៣៧.០៧៧ ហិកតាក្នុងរដូវប្រាំង និង ១.២៩៨.៣៤៥ ហិកតាសម្រាប់ការដាំដុះដំណាំស្រូវនៅរដូវវស្សា។ 

បើធ្វើការប្រៀបធៀបការគ្របដណ្តប់ប្រព័ន្ធធារាសាស្ត្រចាប់ពីឆ្នាំ ១៩៦៧ ដល់ ២០១៩ លទ្ធភាពស្រោចស្រព្វមានការកើនឡើងចំនួន ៨១ ភាគរយ។ 

ជាមួយគ្នានេះផងដែរ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្ររបស់ប្រទេសកម្ពុជាដើម្បីគាំទ្រនិងពង្រីកការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេស៕Sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ