លោកនាយករដ្ឋមន្ត្រី អង់គ្លេស បូរីស ចនសុនប្រកាសទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ២០,០០០នាក់
អង់គ្លេស៖ ប្រជាជនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់ នឹងទទួលបានសិទ្ធិជ្រកកោនស្របច្បាប់ក្នុងនាមជាជនភៀសខ្លួន នៅចក្រភពអង់គ្លេស បន្ទាប់ពីក្រុមតាលីបង់ត្រឡប់ មកកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។
ការប្រកាសទទួលយកជនភៀសខ្លួនខាងលើធ្វើឡើងក្រោមផែនការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះបំផុត របស់លោកនាយករដ្ឋមន្ត្រី អង់គ្លេស បូរីស ចនសុន។ បើតាមផែនការនេះ ចក្រភពអង់គ្លេសនឹងទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ២០,០០០នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយ ជនភៀសខ្លួន ៥,០០០នាក់ ក្នុងនោះមានស្ត្រី, ក្មេងស្រី និងអ្នកងាយរងគ្រោះបំផុតនឹងត្រូវបានអនុញ្ញាតឱ្យតាំងទីលំនៅក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំដំបូង (ឆ្នាំ២០២១នេះ)នៃផែនការរបស់លោក ចនសុន។
តែទោះជាបែបនេះក្ដី ក្រុមអ្នករិះគន់បានរិះគន់ផែនការរបស់លោក ចនសុន ដោយពួកគេអះអាងថាមិនទាន់គ្រប់គ្រាន់ឡើយ ហើយអង់គ្លេសទទួលយកជនភៀសខ្លួន អាហ្វហ្កានីស្ថានច្រើនជាងនេះ។
សូមបញ្ជាក់ថា ក្រុមតាលីបង់វាយលុកចូលដល់រដ្ឋធានីកាប៊ុល។ នៅពេលនេះ ប្រជាជននៅអាហ្វហ្កាគានីស្ថាន ទាំងបរទេសនិងម្ចាស់ស្រុក គឺភ័យព្រួយពីសុវត្ថិភាព ហើយម្នាក់ៗខំប្រឹងរកមធ្យោបាយចាកចេញពីប្រទេស។ ផ្លូវអាកាសជាមធ្យោបាយតែមួយសម្រាប់អ្នកស្នាក់នៅក្រុងកាប៊ូល៕SP