ត្រឹមរយៈពេលប្រាំបីឆ្នាំប៉ុណ្ណោះ ស្ថាបនិក Telegram ដ៏វ័យក្មេងបាយក្លាយជាបុគ្គលមានទ្រព្យសម្បត្ដិតម្លៃសរុបរហូតទៅដល់ ១៧.២ពាន់លានដុល្លារ
ញ៉ូវយ៉ក៖ បច្ចុប្បន្នបណ្តាញសង្គម Telegram កំពុងក្លាយកម្មវិធីទំនាក់ទំនងដ៏ពេញនិយមជាប់ចំណាត់ថ្នាក់លេខ១១ មានអ្នកប្រើប្រាស់ប្រមាណជាង ៥០០លាននាក់ជារៀងរាល់ថ្ងៃទូទាំងសកលលោក។ លោក Pavel Valerievich Durov ជនជាតិរុស្ស៊ីជាស្ថាបនិកនៃបណ្តាញសង្គមល្បីឈ្មោះមួយនេះ ត្រូវបានសាធារណជនចាត់ទុកជាមហាសេដ្ឋីមានទ្រព្យសម្បត្ដិសរុបរហូតទៅដល់ ១៧.២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Bloomberg ។
លោក Pavel Valerievich Durov កើតនៅថ្ងៃទី១០ ខែតុលាឆ្នាំ១៩៨៤ នៅក្នុងទីក្រុង St.Petersburg និងបានទៅរស់នៅក្នុងទីក្រុង Turin ប្រទេសអ៊ីតាលីជាកទីន្លែងដែលឪពុករបស់លោកធ្វើការ និងបានវិលត្រឡប់ទៅប្រទេសរុស្សីវិញនៅអាយុដប់ប្រាំពីរឆ្នាំ។ លោកបានរៀនសរសេរកូដតាំងពីក្មេងមកម្ល៉េះដោយមានបងប្រុសឈ្មោះ Nikolai Durov ជាអ្នកបង្រៀន។ ឪពុករបស់លោក Pavel Durov ជាបណ្ឌិតផ្នែកភាសាបុរាណ (Philology) ធ្វើការនៅប្រទេសអ៊ីតាលី។
អាយុដប់មួយឆ្នាំកុមារ Pavel Durov បានបង្កើតហ្គេមវីដេអូមួយដោយប្រើយុទ្ធសាស្ត្រមានឈ្មោះថា Lao Unit។ ក្រោយមកបងប្អូនទាំងពីរបានបង្កើត VKontakte ឬហៅកាត់ខ្លីថា VK ដែលជាបណ្តាញសង្គមពេញនិយមនៅក្នុងប្រទេសរុស្ស៊ី។ បណ្តាញសង្គមមួយនេះទទួលបានជោគជ័យនិងទាក់ទាញអ្នកប្រើប្រាស់រាប់លាននាក់យ៉ាងឆាប់រហ័ស ហើយក្លាយជាបណ្តាញសង្គមធំជាងគេនៅក្នុងប្រទេសរុស្ស៊ី។ ក៏ប៉ុន្តែ VK ចាប់ផ្តើមមានបញ្ហាជាមួយរដ្ឋាភិបាលរុស្ស៊ីចាប់ពីឆ្នាំ២០១១ ព្រោះវាបានក្លាយជាទីកន្លែងសម្រាប់អ្នកប្រើប្រាស់រិះគន់រដ្ឋាភិបាល។
លោក Pavel Durov និងបងប្រុសលោករួមជាមួយបុគ្គលិក VKontakte មួយចំនួនបានទៅរស់នៅទីក្រុង New York ចាប់ផ្តើមបង្កើតកម្មវិធីផ្ញើរសារ Telegram ចាប់តាំងពីចុងឆ្នាំ២០១២ និងចេញជារូបរាងនៅខែសីហាឆ្នាំ២០១៣ ហើយបានក្លាយជាកម្មវិធីផ្ញើសារដ៏ល្បីមួយដែលមានអ្នកប្រើប្រាស់ជាង៥០០លាននាក់ជុំវិញពិភពលោក។
រយៈពេលប្រាំបីឆ្នាំគិតមកត្រឹមឆ្នាំ២០២១ បុរសវ័យសាមសិបប្រាំមួយឆ្នាំរូបនេះ ទទួលជោគជ័យយ៉ាងខ្លាំងលើការងារអភិវឌ្ឍន៍បច្ចេកវិទ្យាតេឡេក្រាម។ លោក Pavel Durov កំពុងវិនិយោគលុយរហូតដល់ទៅ ១.៧ពាន់លានដុល្លារដើម្បីបង្កើត Telegram Open Network ដែលជាមុខងារបន្ថែមពីលើ Telegram ដោយបញ្ចូលជាមួយនឹងមុខងារចាយលុយតាមរយៈអនឡាញ។SP