ក្នុងវិបត្តិកូវីដ១៩ វៀតណាមនៅតែអាចរកប្រាក់ពីការនាំចេញឈើនិងផលិតផលឈើកែច្នៃ កើនឡើង ៦១,៣ ភាគរយក្នុងរយៈពេល៥ខែ
វៀតណាម៖ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមកាលពីថ្ងៃអង្គារ ទី០៨ ខែ មិថុនា ឆ្នាំ២០២១បានឱ្យដឹងថាប្រទេសវៀតណាមបាននាំចេញផលិតផលឈើនិងឈើជិត ៦,៦ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះពោលគឺកើនឡើង ៦១,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។បើតាមសារព័ត៌មានAsia & Pacificបានផ្សព្វផ្សាយនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១នេះ។
គ្រាន់តែក្នុងខែឧសភាតែមួយខែប្រទេសនេះទទួលបានចំណូលប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលឈើនិងឈើដោយបានបង្ហាញពីកំណើន ៨០,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។យោងតាមអ្នកជំនាញក្នុងស្រុកការរីកចម្រើនគួរឱ្យកត់សម្គាល់នៃការនាំចេញឈើអាចជាផ្នែកមួយនៃការពិតដែលថាក្នុងកំឡុងពេលនៃការរីករាលដាលនៃវិបត្តិកូវីដ១៩ ប្រជាជនមានពេលវេលាច្រើនដើម្បីធ្វើការសាងសង់នូវផ្ទះថ្មីហើយតម្រូវការគ្រឿងសង្ហារិមថ្មីក៏មានការកើនឡើង។
សារព័ត៌មានAsia & Pacificបានបញ្ជាក់ថា កាលពីឆ្នាំ ២០២០ ប្រទេសវៀតណាមបានទទួលប្រាក់ជាង ១២,៣ ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលឈើនិងឈើកើនឡើង១៥,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនិងស្មើនឹង ៤,៤ ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់ខ្លួន ។ប្រភពដដែលបញ្ជាក់ថា ទីផ្សារនាំចេញផលិតផលឈើសំខាន់ៗរបស់វៀតណាមរួម មានសហរដ្ឋអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុប និង សាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ វៀតណាមរំពឹងថានឹងអាចនាំចេញឈើ និងផលិតផលឈើកែច្នៃក្នុងឆ្នាំ២០២១នេះ ឱ្យបានជាង១ម៉ឺនលានដុល្លារទៀតផង៕SP