ពិភពលោកបង្ហាញការភ្ញាក់ផ្អើល ក្រោយដឹងថាប្រធានាធិបតីទី៨ នៃប្រទេសអ៉ីរ៉ង់ថ្មីជាមនុស្សមានប្រវត្តិជាប់ទាក់ទងនឹង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបទបង្ក្រាបហិង្សាមិនគោរពសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ខណៈលោកជាប្រធានាធីបតីតែម្នាក់គត់ដែលហ៊ាន ព្រមានអាមេរិកឱ្យដកទណ្ឌកម្ម


(ប្រវត្តិ)៖លោកEbrahim Raisi កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០។ទំរាំឈានជើងមកកាន់ដំណែងជាប្រធានាធិបតី លោកEbrahim Raisi ធ្លាប់មានប្រវត្តិល្អ និងអាក្រក់ជាច្រើនដើរទន្ទឹមគ្នានៅក្នុងប្រព័ន្ធតុលាការអ៊ឺរ៉ង។ នៅចន្លោះឆ្នាំ២០០៤ ដល់២០១៤ លោកEbrahim Raisiមានតំណែជា អនុប្រធានយុត្តិធម៌ ។នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ លោកមានដំណែងជា អគ្គព្រះរាជអាជ្ញា។


នៅឆ្នាំ២០១៩លោកត្រូវបានតែងតាំងជាប្រធានតុលាការ។  កាលពីឆ្នាំ២០១៧ លោកក៏ធ្លាប់ឈរឈ្មោះធ្វើជាប្រធានាធិបតីផងដែរ របស់រណសិរ្សប្រជាប្រិយបដិវត្តនៃកងកម្លាំងបដិវត្តអ៊ីស្លាមដោយបានចាញ់ឆ្នោតអតីតប្រធានាធិបតីលោកហាសាន់រ៉ូហានី៥៧% ទៅ ៣៨,៣%។

បើទោះបីមានបទពិសោធន៍យ៉ាងក្រាស់ក្រេលបែបនេះមែន តែលោកEbrahim Raisi  ធ្លាប់មានរឿងអាស្រូវជាច្រើនផងដែរក្នុងវិស័យតុលាការនេះ។ លោកEbrahim Raisi ត្រូវបានអង្គការលើកលែងទោសក៏បានចោទប្រកាន់ថាបានធ្វើជាមេដឹកនាំនៃ“ ការបង្ក្រាប” លើសិទ្ធិមនុស្ស។ 


យោងតាមអង្គការលើកលែងទោសអន្តរជាតិបានឱ្យដឹងថាគាត់ ជាចៅក្រមម្នាក់ក្នុងចំណោមចៅក្រម ៤ រូបដែលមើលការខុសត្រូវលើការកាត់ទោសប្រហារជីវិតដោយសំងាត់ចំពោះអ្នកទោសប្រមាណ ៥,០០០ នាក់ដែលជាប់ពន្ធនាគារនៅក្បែរទីក្រុងតេរ៉ង់។ ជាងនេះទៅទៀត សម្រាប់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ ក្នុងពេលកាន់អំណាចជាប្រធានអាជ្ញាធរយុត្តិធម៌ នារយៈពេលពីរឆ្នាំចុងក្រោយនេះ លោក Raisi បានប្រើអំណាចបង្ក្រាបយ៉ាងហិង្សា ចាប់ក្រុមអ្នកបះបោរ សកម្មជនសិទ្ធិមនុស្សនិង ក្រុមជនជាតិភាគតិចរាប់រយនាក់ដាក់ឃុំឃាំង ដោយគ្មានគិតអំពីបញ្ហាសិទ្ធិមនុស្សទេ។ 


ការចាប់ខ្លួនបាតុកររាប់ពាន់នាក់និងការបាត់ខ្លួនមនុស្សជាច្រើនរយនាក់ ក្រោយការងើបបះបោរធ្វើបាតុកម្មកាលពីខែវិច្ឆិកា ២០១៩ ក៏ជាស្នាដៃរបស់លោក Raisi ដែរ។ហេតុដូច្នេះហើយបានជាអង្គការ ទទូចឱ្យសមាជិកក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការប្រជាជាតិទាំងអស់ត្រូវតែចាត់វិធានការដោយជាក់ស្តែងប្រឆាំងនឹងលោក Raisi ដើម្បីឆ្លើយតបទៅនឹងនិទណ្ឌភាពជាស្វ័យប្រវត្តិនៅអ៊ីរ៉ង់។


ចំពោះមូលហេតុដែលលោកEbrahim Raisi ជាប់ឆ្នោតជាប្រធានាធិបតីនាពេលនេះ ត្រូវបានគេដឹងថាគឺមកពីក្រុមប្រឹក្សាគាំពារអ៊ីរ៉ង់ដែលជាក្រុមប្រឹក្សាធម្មនុញ្ញអ៊ីរ៉ង់ដែលមានកាតព្វកិច្ចសម្រេចលើបេក្ខភាពរបស់បេក្ខជនប្រធានាធិបតីនីមួយៗ ដោយបានអនុញ្ញាតឲ្យតែលោក Raisi និងអ្នកស្មោះស្ម័គ្ររបស់អតីតប្រធានាធីបតី លោក Khamenei ៦ រូបផ្សេងទៀត ដែលគេមិនសូវស្គាល់តែប៉ុណ្ណោះ ឲ្យឈរឈ្មោះបោះឆ្នោត ដោយរារាំងបេក្ខជនរាប់រយនាក់ផ្សេងទៀតដែលចង់ឈរឈ្មោះមិនឱ្យចូលរួម ។

ការមិនអនុញ្ញាតឲ្យបេក្ខជនទាំងនោះចូលរួមប្រកួតនៅក្នុងការបោះឆ្នោតបានបង្កឲ្យមានយុទ្ធនាការតវ៉ារាប់សប្ដាហ៍ដែលធ្វើឡើងដោយក្រុមអ្នករិះគន់លោក Khamenei ដែលជាពលរដ្ឋអ៊ីរ៉ង់ទាំងក្នុងនិងក្រៅប្រទេស ដើម្បីលើកទឹកចិត្តអ្នកបោះឆ្នោតឲ្យធ្វើពហិការមិនចូលរួមនៅក្នុងការបោះឆ្នោតដែលពួកគេហៅថាជាការបោះឆ្នោតក្លែងក្លាយ។


ទោះយ៉ាងនេះក្តីទីបំផុត លោកEbrahim Raisi បានក្លាយជាបេក្ខជនដែលជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៨ នៃប្រទេសអ៉ីរ៉ង់ ខណៈបេក្ខជនជាច្រើនបានដកខ្លួនចេញពីការប្រកួតប្រជែងឬត្រូវបានគេដកសិទ្ធិមិនឲ្យប្រកួត។

លោកEbrahim Raisi ត្រូវបានអ្នកផ្សេងទៀតបានហៅគាត់ថាជា“ឃាតករតេហេរ៉ង់” និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិព្រោះតែលោក មានប្រវត្តិរបស់ជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ដែលនឹងធ្វើឲ្យរូបលោកក្លាយជាប្រធានាធិបតីមានបញ្ហាច្រើនជាមួយប្រទេសលោកខាងលិច។

គួរបញ្ជាក់ថា បន្ទាប់ពីបានទទួលជ័យជម្នះជាផ្លូវការ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី លោក Ebrahim Raisi បានធ្វើការព្រមានទៅកាន់សហរដ្ឋអាមេរិក ឱ្យដកទណ្ឌកម្មដ៏អយុត្តិធម៌ទាំងអស់ចេញពីប្រទេសរបស់លោក ហើយអឺរ៉ុបត្រូវតែគោរពទៅតាមការប្តេជ្ញាចិត្តនានា នៅក្នុងការកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ 

សម្រាប់សារទៅសហភាពអឺរ៉ុបវិញ លោកបានលើកឡើងថា «សហភាពអឺរ៉ុបមិនគួរចុះចាញ់ ចំពោះសម្ពាធ និងគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ... ផ្ទុយទៅវិញពួកគេត្រូវបំពេញ តាមការប្តេជ្ញាចិត្តរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងនេះ»។ យើងសង្កេតឃើញថា លោកគឺជាប្រធានាធិបតីដំបូងគេហើយដែលហ៊ានធ្វើការព្រមានធ្ងន់ៗទៅកាន់សហរដ្ឋមេរិក ក៏ដូចជាសហភាពអឺរ៉ុប ដែលការព្រមានបែបនេះមិនធ្លាប់មាន ប្រធានាធីបតីណាមួយធ្លាប់ធ្វើពីមុនមកឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ