ភ្នំពេញៈអង្គការជីវិតសត្វស្លាបអន្តរជាតិបានបញ្ជាក់តាមរយៈហ្វេស ប៊ុកផ្លូវការរបស់ខ្លូនកាលពីថ្ងៃទី១៥ ខែសីហាថា បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកទីវាលអស់រយៈពេល ៣ខែកន្លងមក ជាលទ្ធផលសំរាប់រដូវកាលពងកូនឆ្នាំ២០២១នេះសំបុកសត្វត្រយងយក្សចំនួន១០ សំបុក ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដោយសំបុកមួយចំនួនត្រូវបានញាស់ និងមួយចំនួនទៀតកំពុងក្រាបពង។
ទន្ទឹមនឹងការរកឃើញសំបុកសត្វត្រយ៉ងយក្សចំនួន១០សំបុកនេះដែរ អង្គការជីវិតសត្វស្លាបកម្ពុជា ក៏បានស្នើសុំយ៉ាងទទូចដល់ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋានសូមចូលរួមថែរក្សាការពារបក្សីជាតិ អស់គ្នា ដោយទប់ស្កាត់និងមិនទន្រ្ទាដីដែលធ្វើអោយបាត់បង់ទីជម្រក មិនយកពងកូន និងមិនបង្ករការរំខានជាដើម។
បើតាមអង្គការខាងលើនេះក៏បានឱ្យដឹងបន្ថែមថា ជារៀងរាល់ឆ្នាំក្រុមការងារនៅដែនជម្រកសត្វព្រៃលំផាត់បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូន ដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ ព្រោះថាសត្វនេះពងកូននារដូវវស្សា ដែលជាហេតុធ្វើឱ្យការសិក្សាស្វែងរកមានការលំបាកខ្លាំងនិងទាមទារការប្រឹងប្រែងខ្ពស់។ ជាមួយគ្នានេះដែរ អង្គការBirdlife International Cambodia Program ក៏បានបញ្ជាក់ផងដែរថា រដូវពងកូនរបស់សត្វត្រយងយក្សក្នុងឆ្នាំនេះនឹងបញ្ចប់នៅខែវិច្ឆិកា ។
សូមជម្រាបជូនថា សត្វត្រយងយក្ស ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជបំផុតនៅលើពិភពលោក និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសជាផ្លូវការដោយព្រះរាជក្រឹត្យឆ្នាំ ២០០៥ ថាជា ប្រភេទបក្សីតំណាងជាតិ ដែលត្រូវការពារ។
បើតាមអង្គការWCS Cambodia បានបញ្ជាក់នៅក្នុងហ្វេស ប៊ុកផ្លូវការរបស់ខ្លួនថា តាមការប៉ាន់ស្មាន ចំនួនសត្វត្រយងយក្សនៅក្នុងប្រទេសកម្ពុជាមានប្រហែល ២០០ក្បាលប៉ុណ្ណោះ ហើយមានវត្តមានតែនៅតាមតំបន់ទំនាបស្ថិតក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីនៃប្រទេសកម្ពុជាប៉ុណ្ណោះ និងទំនងជាមានវត្តមានខ្លះនៅភាគខាងត្បូងនៃប្រទេសឡាវ និងវៀតណា៕SP